កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ក្នុងខេត្តស្វាយរៀង
April 11, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ក្នុងខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។ វត្តមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍គណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្ដមអភិបាលរងខេត្ត លោកតំណាងប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាកងរាជអាវុធហត្ថខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង ស្រុក លោក លោកស្រីស្នងការរង លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លោកអធិការ អធិការរងទទួលការងារព្រហ្មទណ្ឌក្រុង ស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក លោកមេបញ្ជាការផ្នែកសឹករងក្រុង ស្រុក លោកនាយប៉ុស្តិ៍ការពារព្រំដែន លោកមេឃុំ ចៅសង្កាត់ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុបវត្តមាន ៣១៣ នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ចូលរួមសហការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សម្រេចបានលទ្ធផលល្អគួរជាទីមោទនៈ ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគនៅក្នុងខេត្ត កាន់តែមានជំនឿជឿជាក់មកលើកម្លាំងសមត្ថកិច្ច និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើដល់គ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលទាំងអស់ អង្គភាពពាក់ព័ន្ធ ព្រមទាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ធ្វើយ៉ាងណាឲ្យការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព កាន់តែមានប្រសិទ្ធភាព ធានាបាននូវការការពារ ទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសគ្រប់ប្រភេទដែលបានកើតឡើង ដើម្បីធានានូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ព្រមទាំងត្រូវមានវិធានការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អនៅទូទាំងខេត្ត ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីសង្ក្រាន្តស្វាយរៀង ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងត្រូវខិតខំជំរុញចលនាប្រឡងប្រណាំងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យកាន់តែផុលផុស ធ្វើយ៉ាងណាឲ្យឃុំ សង្កាត់ទទួលបានចំណាត់ថ្នាក់ល្អមានការកើនឡើង និងចំណាត់ថ្នាក់មធ្យម និងខ្សោយ មានការថយចុះ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឯកភាពទាំងស្រុងចំពោះរបាយការណ៍ដែលបានអានដោយលោកស្នងការនគរបាលខេត្ត ព្រមទាំងបានកោតសរសើរ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងយោធាខេត្តធ្វើជាសេនាធិការជូន ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក ព្រមទាំងបានផ្ដាំផ្ញើ ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវការពារតាមគោលដៅវត្តអារាម គោលដៅកន្លែងកម្សាន្ត សប្បាយក្នុងខេត្ត និងតាមដងផ្លូវ និងត្រូវត្រៀមធ្វើផែនការ ការពារសន្តិសុខ សុវត្ថិភាពកម្មវិធីធំៗ បន្តទៀត ។ នៅចុងបញ្ចប់នៃកម្មវិធី គណៈអធិបតី ក៏បានចែកប័ណ្ណសសើរ និងថវិកាដល់ឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលជ័យលាភីក្នុងការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ព្រមទាំងបានឧបត្ថមថវិកាដល់ស្នងការដ្ឋាននគរបាលខេត្តចាត់ចែងក្នុងកម្មវិធី ១០ លានរៀន តំបន់ប្រតិបត្តិការសឹករងខេត្ត ៥ លានរៀល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ៥ លានរៀល និងបានប្រគល់ជូនរថយន្តសឺរ៉េន ៨ គ្រឿង ដល់អធិការដ្ឋាននគរបាលក្រុង ស្រុកទាំង ៨ អាវយឺត វិទ្យុទាកទង និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់កម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្ត ផងដែរ ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ