ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ទូរទស្សន៍ជាតិរំដួលស្វាយរៀង
April 10, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ទូរទស្សន៍ជាតិរំដួលស្វាយរៀង ដែលជាអំណោយរបស់វិទ្យុសម្លេងវៀតណាម (VOV) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្ដម វ៉ូ ក្វាងមិញ (VU QUANG MINH) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងព័ត៌មាន ឯកឧត្ដមអគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) ឯកឧត្ដមអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាព តំណាងកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក គរុសិស្ស និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានសូមសម្ដែងនូវការអរគុណចំពោះបក្ស រដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលតែងតែជួយឧបត្ថម្ភ គាំទ្រដល់ខេត្តស្វាយរៀង នាពេលកន្លងមកលើគ្រប់វិស័យ រួមទាំងវិស័យសោតទស្សន៍ និងព័ត៌មាន ជាក់ស្ដែងតាមរយៈការជួយជ្រោមជ្រែងពីក្រសួងព័ត៌មាន ជាពិសេសឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដល់ជូននូវអំណោយជាសម្ភារបច្ចេកទេសសម្រាប់ដំណើរការ និងបង្កើតទូរទស្សន៍ជាតិរំដួលស្វាយរៀង ហើយនេះ គឺជាសមិទ្ធផលថ្មីស្រឡាងជាប្រវត្តិសាស្ត្រមួយបន្ថែមទៀត ដែលពីមុនមកខេត្តស្វាយរៀង ពុំធ្លាប់មានស្ថានីយ៍ទូរទស្សន៍ផ្ទាល់របស់ខេត្ត សម្រាប់ធ្វើការផលិត និងផ្សព្វផ្សាយព័ត៌មានជូនដល់ប្រជាពលរដ្ឋនោះទេ ។ ទន្ទឹមនេះ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្ដមអភិបាលខេត្ត ក៏បានបង្ហាញពីជំនឿជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការបង្កើត និងការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយ៍ទូរទស្សន៍ជាតិរំដួលស្វាយរៀង នៅថ្ងៃនេះ នឹងចូលរួមចំណែកធ្វើឲ្យការផ្សព្វផ្សាយព័ត៌មាននានាពាក់ព័ន្ធនឹងការអភិវឌ្ឍ និងសមិទ្ធផលដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តសម្រេចបានជូនប្រជាពលរដ្ឋ សភាពការណ៍ និងព្រឹត្តិការណ៍ផ្សេងៗដែលកើតមានឡើងនៅក្នុងខេត្ត និងការបញ្ចូនសារពីថ្នាក់ដឹកនាំ ទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់ថ្នាក់ដឹកនាំ នឹងកាន់តែលឿន ឆាប់រហ័ស និងទូលំទូលាយជាងមុន ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងមានលក្ខណៈផ្លូវការ គ្រប់ដណ្ដប់នៅគ្រប់មូលដ្ឋានទូទាំងខេត្ត ។ នៅចុងបញ្ចប់ឯកឧត្ដមអភិបាលខេត្ត បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់ផ្នែក នៃស្ថានីយ៍ទូរទស្សន៍ជាតិរំដួលស្វាយរៀងទាំងអស់ ឲ្យខិតខំផលិត បង្កើតព័ត៌មាន និងកម្មវិធីល្អៗមានលក្ខណៈជាការអប់រំបង្កើនចំណេះដឹង ដែលផ្ដល់ផលប្រយោជន៍សម្រាប់សង្គម និងប្រជាជនឲ្យបានច្រើន ព្រមទាំងបានស្នើដល់គ្រប់បណ្ដាមន្ទីរ-អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមជួយគាំទ្រ និងសហការ ដើម្បីឲ្យស្ថានីយ៍ទូរទស្សន៍នេះមានដំណើរការប្រព្រឹត្តទៅបានល្អប្រសើរ រលូន និងទទួលបានលទ្ធផលជោគជ័យ ជាពិសេសទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងទូរទស្សនិកជនគ្រប់ស្រទាប់ និងគ្រប់វ័យ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ