អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំមន្រី្តជំនាញចុះពិនិត្យសកម្មភាពបង្កបង្កើនផលស្ដារឡើងវិញរបស់ប្រជាពលរដ្ឋដែលទទួលរងការខូចខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង នៅឃុំល្វា ស្រុកព្រៃឈរ និងឃុំជើងព្រៃ ឃុំតាំងក្រសាំង ស្រុកបាធាយ
November 21, 2020 អ្នកទស្សនា :

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ទីរជំនាញដែលជាសមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមូលដ្ឋាន រួមជាមួយមន្ត្រីនៃលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចុះពិនិត្យសកម្មភាពបង្កបង្កើនផលស្ដារឡើងវិញរបស់បងប្អូនប្រជាពលរដ្ឋដែលទទួលរងការខូចខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀងឆ្នាំ២០២០ នៅឃុំល្វា ស្រុកព្រៃឈរ និងឃុំជើងព្រៃ ឃុំតាំងក្រសាំង ស្រុកបាធាយ បន្ទាប់ពីទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀងកន្លងទៅ ប៉ះពាល់ដល់ ០៩ស្រុក ១ក្រុង ស្មើនឹង ៥០ឃុំ-សង្កាត់ (ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្ទឹងត្រង់ ចំការលើ បាធាយ ជើងព្រៃ ព្រៃឈរ កងមាស និងស្រុកស្រីសន្ធរ) ប៉ះពាល់ប្រជាជន ៣៧១ខ្នងផ្ទះ លិចសាលារៀន ២០កន្លែង លិចផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ផ្លូវលំ ប្រមាណ ២៣,១៥គ.ម និងខូចខាតប្រវែង ១៤,៣២ម៉ែត្រ។ លិចដំណាំស្រូវ ចំនួន ២.៩០៤ហិកតា ស្មើនឹង៣.៩៣២គ្រួសារ ក្នុងនោះ ខូចខាត ១.៩៦៧ហិចតា ស្មើនឹង៣.២០០គ្រួសារ។

តាមរយៈប្រព័ន្ធស្បៀងបំរុងកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ពូជស្រូវដល់ប្រជាកសិករ ដែលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងទាំង៣.២០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវចំនួន ១០០គីឡូក្រាមសម្រាប់ធ្វើការដាំដុះស្ដារឡើងវិញនូវអ្វីដែលបានទទួលរងការខូចខាតនាពេលកន្លងទៅ។

ប្រជាកសិករដែលទទួលបានពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាប់ផ្ដើមអនុវត្តការងារបង្កបង្កើនផលស្ដារឡើងវិញ ជាលទ្ធផលគិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទៃដីដែលរងការខូចខាត ចំនួន ១.៩៦៧ហិចតា បានស្តារឡើងវិញចំនួន ១.៧០២ហិចតា ស្មើនឹង ៨៦ភាគរយ ក្នុងនោះ៖

-ស្រុកកំពង់សៀម ខូចខាតចំនួន ១១០ហិចតា បានស្ដារឡើងវិញចំនួន១១០ហិចតា ស្មើ១០០ភាគរយ

-ស្រុកស្ទឹងត្រង់ ខូចខាតចំនួន ៨០៧ ហិចតា បានស្តារឡើងវិញចំនួន ៥៨៣ហិចតា ស្មើ៧២ភាគរយ

-ស្រុកបាធាយ ខូចខាតចំនួន ៥៧៨ហិចតា បានឡើងវិញចំនួន ៥៧៨ហិចតា ស្នើនឹង ១០០ភាគរយ

-ស្រុកព្រៃឈរ ខូចខាតចំនួន ១៥៤ហិចតា បានស្ដារឡើងវិញចំនួន ១០៨ហិចតា ស្មើ៧០ភាគរយ។

-ស្រុកជើងព្រៃ ខូចខាតចំនួន ៣១៨ហិចតា បានស្ដារឡើងវិញចំនួន ១៤៣ហិចតា ស្មើ៤៤ភាគរយ។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ