ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២០៥គ្រួសារ ក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
November 19, 2020 អ្នកទស្សនា :

កំពង់ឆ្នាំង៖នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិកោះក្អែកឃុំកំពង់ហៅ ស្រុកកំពង់លែង មានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២០៥ គ្រួសារ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈួរ ចន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូកាកបាទក្រហមកម្ពុជា ឯិកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាសាខាកាកបាទក្រហមខេត្ត និង អនុសាខាស្រុកកំពង់លែង។

មានមតិស្វាគមន៍នាពេលនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កន្លងមកសម្តេច តែងតែគិតគូដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ ។

ជាមួយគ្នានោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្ដចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសជៀសវាងការប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ដើម្បីភាពសុខសាន្តក្នុងក្រុមគ្រួសារ និងចូលរួមពង្រឹងសាមគ្គីភាពជាតិ និងរក្សាសុខសន្តិភាពដែលមានឱ្យបានគង់វង្ស មានសន្តិភាពមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋទាំងអស់ដោយមនោសញ្ចេតនា ការនឹករលឹក អាណិតស្រឡាញ់ ការគិតគូពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជា ពលរដ្ឋទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្ន ជានិច្ចពីជំងឺកូវីដ-១៩ កុំមានការភ័យស្លន់ស្លោ ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលបាន ប៉ុន្តែយើងអាចទប់ស្កាត់បាន តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ដែលជាពិសេសត្រូវអនុវត្ត «រស់នៅធម្មតា តាមបែបគន្លងថ្មី»។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋទាំងអស់ គិតគូពីគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ពាក់ម៉ាស់ការពារ រក្សាអនាម័យឧស្សាហ៍លាងដៃនឹងសាប៊ូ ឬ អាល់កុល។ ជាមួយគ្នានេះ សូមលើកទឹកចិត្តដល់ស្ត្រីដែល មានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះឱ្យបាន៤ដង មុន ពេលសម្រាល និងទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ដើម្បីការពារកុំឱ្យឆ្លងពីម្តាយទៅកូន និងត្រូវស្វែងរកមណ្ឌល សុខភាព ឬមន្ទីរពេទ្យបង្អែកសម្រាលកូនឱ្យបានត្រឹមត្រូវ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ