អភិបាលខេត្តកំពត នាំអំណោយមនុស្សធម៌កាកបាទក្រហមផ្តល់ជូនគ្រួសារប្រជាពលរដ្ឋដែលជួបការលំបាក នៅក្នុងស្រុកឈូក និងស្រុកជុំគិរី
November 16, 2020 អ្នកទស្សនា :

នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្ត សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រួមមានជាគ្រឿងឧបភោគ បរិភោគ និងថវិកា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះខ្វះខាតក្នុងជីវភាព ចំនួន១០០ គ្រួសារ មកពីស្រុក ចំនួន ២គឺក្នុងនោះមកពីស្រុកឈូកចំនួន៥០គ្រួសារ និងស្រុកជុំគីរីចំនួន៥០គ្រួសារ ដែលពិធីនេះធ្វើឡើងនៅវត្តអង្គឈូក ស្ថិតក្នុងឃុំឈូក ស្រុកឈូក ខេត្តកំពត ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយប្រធានគណៈកម្មាធិការសាខា និងជាអភិបាលខេត្ត បាននាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងបញ្ហាប្រឈមនានា របស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយសម្តេច គោរពស្រលាញ់ប្រជាពលរដ្ឋគ្រប់ៗគ្នាទាំងអស់ ហើយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារនិងគ្មានការដោះស្រាយឡើយ។

ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាយើង មានសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវយន្តការដ៏មានប្រសិទ្ធិភាពក្នុងការ ការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ គឺមិនមានការឆ្លងដល់សហគមន៍ឡើយ។ ប៉ុន្តែទោះបីយ៉ាងនេះក្ដី ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀតដោយ ចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា។

ជាមួយឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ អំពាវនាវផងដែរ ដល់អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ ត្រូវបង្កើនការ យកចិត្តទុកដាក់ចូលរួមជំរុញ អប់រំផ្សព្វផ្សាយឲ្យដល់គ្រួសារកូនចៅប្រជាពលរដ្ឋពិសេសយុវជនត្រូវចូលរួមអនុវត្តគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន ជៀសឲ្យផុតពីការចរាចរ និងប្រើប្រាស់គ្រឿងញៀន នឹងត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានល្អ ដើម្បីយើងរួមគ្នា ជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ ចំពោះបញ្ហាទាំងនេះអោយបាន។

អំណោយដែលបានផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋទាំង១០០គ្រួសារនាឱកាសនោះរួមមាន៖ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្ករស១គីឡូនិងថវិកាមួយចំនួន ព្រមទាំងបានចែកជូនថវិកាដល់គ្រូពេទ្យ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម ប្រជាការពារភូមិ និងកងកម្លាំងប្រដាប់អាវុធផងដែរ។

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ