រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំបង្កើតគេហទំព័រហ្វេសប៊ុកផ្លូវការ របស់អភិបាលខេត្ត ក្រុង ស្រុក ស្នងការនគរបាលខេត្ត និងអធិការក្រុង ស្រុក
November 12, 2020 អ្នកទស្សនា :

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំបង្កើតគេហទំព័រហ្វេសប៊ុកផ្លូវការ របស់អភិបាលខេត្ត ក្រុង ស្រុក ស្នងការនគរបាលខេត្ត និងអធិការក្រុង ស្រុក។

លោកអភិបាលរងខេត្ត បានលើកឡើងថា លោក លោកស្រី បានជ្រាបហើយ បច្ចុប្បន្នសកលលោកបានឈានដល់ក្របខ័ណ្ឌអនុវត្តឧស្សាហកម្ម ៤.០ ដោយឈរលើកត្តាសំខាន់ ៣ គឺ ១) ក្របខ័ណ្ឌស្ថាប័ន ២) បច្ចេកវិទ្យានិងនវានុវត្តន៍ និង ៣) ធនធានមនុស្ស។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានកំណត់យ៉ាងច្បាស់លាស់ ជាពិសេសគឺការជំរុញដាក់ចេញនូវយន្តការរដ្ឋបាលឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាព និងវិសាលភាពឱ្យបានកាន់តែទូលំទូលាយ ដែលទាមទារឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗត្រៀមខ្លួនឱ្យបានរួចរាល់។ ដោយឡែក បន្ទាប់ពីបានស្តាប់នូវខ្លឹមសារលិខិតលេខ ២៩៧៦ សជណ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបង្កើតគេហទំព័រហេ្វសបុកផ្លូវការរបស់អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នងការនគរបាលរាជធានី ខេត្ត និងអធិការនគរបាលក្រុង ស្រុក ខណ្ឌ វឌ្ឍនភាពការងារព័ត៌មានវិទ្យា និង ការប្រមូលមតិយោបល់លើបណ្តាញសង្គមរួចមក ខ្ញុំសូមធ្វើការដាក់ចេញនូវវិធានការ និងផែនការបន្ត ដែលត្រូវអនុវត្តសំខាន់ៗដូចតទៅ៖

១. ស្នងការនគរបាលខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុក និងអធិការដ្ឋាននគរបាលក្រុង ស្រុក ត្រូវចាត់តាំងឱ្យមានមន្ត្រីបង្គោល ដើម្បីទទួល ពិនិត្យមតិយោបល់ និងសំណើសំណូមពរនានារបស់សាធារណជន ដើម្បីចាត់វិធានការដោះស្រាយ ឆ្លើយតបឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តជាធរមាន។

២. ករណីមតិយោបល់ ឬសំណូមពរ មិនស្ថិតក្នុងដែនសមត្ថកិច្ច ស្នងការនគរបាលខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុក និងអធិការដ្ឋាននគរបាលក្រុង ស្រុក ត្រូវជូនព័ត៌មានត្រឡប់ទៅម្ចាស់សំណើនោះវិញ។

៣. ករណីពិនិត្យឃើញការបញ្ចេញមតិយោបល់ ឬការផ្តល់ព័ត៌មានមិនពិត ដែលមានលក្ខណៈប្រឌិត បំប៉ោងបំភ្លៃ ឬអុជអាល នាំឱ្យប៉ះពាល់ស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឬមានចេតនាបង្កការរំខានដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវរាយការណ៍ និងស្នើសុំទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដល់ម្ចាស់គណនី ដែលបានប្រព្រឹត្តអំពើខាងលើនេះឱ្យបានទាន់ពេលវេលា។

៤. រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើរបាយការណ៍បូកសរុបមួយខែម្តងនៅចុងសប្តាហ៍ទី៣ នៃខែនីមួយៗ អំពីលទ្ធផលនៃការទទួលមតិយោបល់ និងសំណូមពរនានារបស់សាធារណជន ក្នុងហ្វេសបុកផ្លូវការរបស់អភិបាលក្រុង ស្រុក ក្នុងដែនសមត្ថកិច្ច តាមគំរូរបាយការណ៍ រួចបញ្ជូនមក រដ្ឋបាលខេត្ត តាមរយៈមន្ត្រីបង្គោលព័ត៌មានវិទ្យា ដើម្បីធ្វើការបូកសរុប។ ដោយឡែកចំពោះ ស្នងការដ្ឋាននគរបាលខេត្ត ត្រូវធ្វើរបាយការណ៍បូកសរុបមួយខែម្តងនៅចុងសប្តាហ៍ទី៣ នៃខែនីមួយៗ អំពីលទ្ធផលនៃការទទួលមតិយោបល់ និងសំណូមពរនានារបស់សាធារណជន ក្នុងហ្វេកបុកផ្លូវការរបស់ ស្នងការនគរបាលខេត្ត និង អធិការនគរបាលក្រុង ស្រុក ក្នុងដែនសមត្ថកិច្ច តាមគំរូរបាយការណ៍ រួចបញ្ជូនទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ។ បន្ថែមពីលើនេះ ក្រោយពីបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីឱ្យកិច្ចការងារនេះប្រព្រឹត្តទៅបានរលូន និងគ្រប់ជ្រុងជ្រោយ ខ្ញុំសូមស្នើឱ្យថ្នាក់ដឹកនាំ នៃស្នងការនគរបាលខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុក និង អធិការនគរបាលក្រុង ស្រុក សហការជាមួយ មន្ត្រីបង្គោលព័ត៌មានវិទ្យា របស់រដ្ឋបាលខេត្ត ដើម្បីរៀបចំវគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ដែលនឹងត្រូវជជែកពិភាក្សាលម្អិតបន្ថែមទៀត ជាពិសេសសំដៅដល់ការបង្កើត ប្រើប្រាស់ និងប្រមូលព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសបុក ដែលក្រុមការងារនឹងរៀបចំប្រតិទិនជូននាពេលក្រោយ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ