ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១.០២០គ្រួសារ
November 12, 2020 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១.០២០គ្រួសារ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ថ្លែងនូវមតិស្វាគមន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា មិនខុសពីបណ្ដារាជធានី ខេត្តផ្សេងទៀតនៅក្នុងប្រទេស នៅអំឡុងខែតុលា ឆ្នាំ២០២០កន្លងទៅនេះ ឥទ្ធិពលព្យុះមួយចំនួនពីបណ្ដាប្រទេសក្នុងតំបន់ និងប្រទេសជិតខាង បានបណ្ដាលឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងបង្កឲ្យមានជំនន់ទឹកភ្លៀងកើតឡើងនៅតាមបណ្ដាក្រុង ស្រុកក្នុងខេត្តស្វាយរៀង ក្នុងនោះបានប៉ះពាល់ ចំនួន ៧ក្រុង ស្រុក ៣៨ឃុំ សង្កាត់ និង ១៥៦ភូមិស្មើនឹង ៤.៥៦៥គ្រួសារប៉ះពាល់ផ្ទះ ចំនួន ២.១០៦ខ្នង ខូចខាតផ្ទះ ចំនួន ៥ខ្នង។

ក្រៅពីនេះជំនន់ទឹកភ្លៀងក៏បានបណ្ដាលឲ្យប៉ះពាល់ដល់វិស័យអភិវឌ្ឍន៍ជនបទ វិស័យធារាសាស្ត្រ និងវិស័យកសិកម្មផងដែរ រួមមាន ប៉ះពាល់ផ្លូវជនបទ ២៣ខ្សែ ប្រវែង ១៧២គ.ម អណ្ដូងទឹក ចំនួន ៨៣៧អណ្ដូង បង្គន់អនាម័យ ចំនួន ៣៦បង្គន់ ទំនប់ ១កន្លែង ប្រវែង ១.៥០០ម៉ែត្រ​ និងនៅក្នុងវិស័យកសិកម្ម គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ប៉ះពាល់ចំនួន ៥ក្រុង ស្រុក២៦ឃុំ សង្កាត់ និង១២៨ភូមិ ប៉ះពាល់ដំណាំស្រូវលើផ្ទៃដី ២.០៨៨ហ.ត ខូចខាត លើផ្ទៃដី៩១២ហ.ត ស្មើនឹង ១.០២០គ្រួសារ ក្នុងនោះស្រុករមាសហែក ប៉ះពាល់ ៣៨១ហ.ត ស្មើនឹង៣៩០គ្រួសារ ស្រុកកំពង់រោទិ៍ ប៉ះពាល់ ១៨៤ហ.ត ស្មើនឹង ២០៨គ្រួសារ ស្រុកស្វាយជ្រំ ប៉ះពាល់១៧១ហ.ត ស្មើនឹង ២០៥គ្រួសារ ស្រុកចន្ទ្រា ប៉ះពាល់ ១១៥ហ.ត ស្មើនឹង ១៣៧គ្រួសារ និងក្រុងស្វាយរៀង ប៉ះពាល់ ៦១ហ.ត ស្មើនឹង ៨០គ្រួសារ។

លោកជំទាវកិត្តិសង្គហបណ្ឌិតមានប្រសាសន៍ថា សម្តេចតេជោ ពិតជាសោកស្តាយ ដែលមិនអាចមកចូលរួមផ្ទាល់ ប៉ុន្តែសម្តេចបានចាត់ឲ្យតំណាងចូលរួមទៅកាន់ខេត្តគោលដៅតាមផែនការកំណត់ ដោយតាមដានការអនុវត្តជាប់ជាប្រចាំ ការចែកស្បៀង និងពូជស្រូវជូនដល់ប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តារឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់ ដោយមិនអាចពន្យារពេលបាន។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរដែនដី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងក្រុមការងារពាក់ព័ន្ធ ដែលបានចូលរួមរៀបចំកម្មវិធីនេះប្រព្រឹត្តទៅបានយ៉ាងល្អ។

លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។ ទន្ទឹមនេះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងចៀសផុតពីគ្រឿងញៀន។ ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត។

អំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន ១.០២០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ស្រូវពូជ ១០០គីឡូក្រាម មី ១កេស និងថវិកា ៥ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ