ប្រជាពលរដ្ឋក្រីក្រ គ្រួសារអតីតយុទ្ធជន ចាស់ជរា និងស្ត្រីមេម៉ាយ ចំនួន៣០០គ្រួសារទទួលអំណោយមនុស្សធម៌ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម
November 11, 2020 អ្នកទស្សនា :

នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញជួបសំណះសំណាល និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ ចំនួន ៣០០គ្រួសារ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ផងដែរ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈ នៃការរាតត្បាត នៃជម្ងឺកូវីដ-១៩ ជាសាកល រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាល ក្នុងរលកទី២ ចូលក្នុងសហគមន៍។ យ៉ាងណាម៉ិញ បើទោះបីបច្ចុប្បន្នខេត្ត មិនមានអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ឆ្លងថ្មីក៏ដោយ តែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតែបន្តផ្សព្វផ្សាយណែនាំដល់ប្រជាជនគ្រប់មូលដ្ឋាន លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន តាមការណែនាំ របស់ក្រសួងសុខាភិបាលជានិច្ច។

ទន្ទឹមនឹងនោះ ស្របពេល នៃការរាតត្បាត នៃជម្ងឺនេះ ដែលបង្កឲ្យប៉ះពាល់ ដល់ជីវភាព របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការចាំបាច់មួយចំនួន ដើម្បីលើកកម្ពស់កម្រិតជីវភាព និងជួយស្តារផលប៉ះពាល់ ជាពិសេស កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ប្រជាពលរដ្ឋ ប្រភេទក្រ ១ និងក្រ ២។ យ៉ាងណាម៉ិញ ក្នុងខេត្តកំពង់ចាម មានប្រជាជនក្រ ១ ក្រ ២ និងបានបើកប្រាក់ពីកម្មវិធី មានចំនួន ៤៥.១២១គ្រួសារ បានផ្តល់ចំនួន ៣៩.៨០០គ្រួសារ គិតជាសាច់ប្រាក់ចំនួន ៣៣.៧០០.៤០០.០០០រៀល។ ចំពោះ កម្មករ-កម្មការី ក៏ទទួលបាននូវអត្ថប្រយោជន៍ ពីគោលនយោបាយគាំពារសង្គម ក្នុងឆ្នាំ២០២០នេះ មានកម្មការីដែលសម្រាលកូន ចំនួន ៤.១៩៥នាក់ ហើយបានទទួលថវិកា ចំនួន ៤.០១២នាក់ សរុបចំនួន ១៥.៨០០នាក់ ដោយគិតចាប់ពីឆ្នាំ២០១៨ រហូតមកទល់ពេលនេះ។ មួយផ្នែកទៀត នាអំឡុងដើមខែតុលានេះ កម្ពុជាបានទទួលរងឥទ្ធិផល នៃការបម្រែបម្រួលអាកាសធាតុ ដែលបានបង្កឲ្យមានព្យុះ និងជំនន់ទឹកភ្លៀង ក្នុងនោះខេត្តកំពង់ចាម ដ៏បានទទួលរងផលប៉ះពាល់ ដល់ហេដ្ឋារចនាសម្ព័ន្ធ រួមផ្សំនឹងប៉ះពាល់ដល់លំនៅដ្ឋាន និងដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋ នៅតាមក្រុង/ស្រុក ចំនួន ០៥ លើផ្ទៃដី ២.៩០៤ហិចតា និងខូចខាត ១.៨១៣ហិចតា ស្មើនឹង ២.៩០១គ្រួសារ ផងដែរ។

នាឱកាសនោះ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរ អំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋទូទៅ ជាពិសេស គ្រួសារដែលបងប្អូនជួបការលំបាក និងខ្វះខាតក្នុងជីវភាព ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ ដោយអត់អាហារឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នជានិច្ច ក្នុងការបង្ការទប់ស្កាត់ ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ដោយអនុវត្ត ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជា ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងចូលទៅក្នុងសហគមន៍។

សូមបញ្ជាក់ផងដែរថា អំណោយ ដែកជូនគ្រួសារពលរដ្ឋក្រីក្រ អតីតយុទ្ធជន ចាស់ជរា និងស្ត្រីមេម៉ាយទាំង ៣០០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ៥០គ.ក្រ មី ០១កេស ទឹកបរិសុទ្ធ សំលៀកបំពាក់ ០២សម្រាប់ និងថវិកាចំនួន ៥ម៉ឺនរៀល ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ