រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីស្ថិតិគណនេយ្យជាតិឆ្នាំ២០១៩ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ខេត្តកំពង់ឆ្នាំង
November 10, 2020 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីស្ថិតិគណនេយ្យជាតិឆ្នាំ២០១៩ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ ឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អម សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្ដមអភិបាលខេត្ត ដែលមានការចូលរួមពីឯកឧត្ដម លោក លោកស្រីប្រតិភូក្រសួងផែនការ ឯកឧត្ដមប្រធានមន្ទីរផែនការខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន និងមន្ដ្រីជំនាញ នៃមន្ទីរ អង្គភាពជុំវិញខេត្ត សរុប ៧៩ នាក់។

ឯកឧត្ដម អម សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ស្វាគមន៍ដល់គណៈអធិបតី និងអ្នកចួលរួមទាំងអស់ និងបានធ្វើសេចក្ដីរាយការណ៍ថា ខេត្តកំពង់ឆ្នាំង មានផ្ទៃដីសរុប ៥៥២ ១០០ ហិកតា ចែកចេញជា ៨ ស្រុក/ក្រុង ៧០ ឃុំ/សង្កាត់ និង ៥៦៩ ភូមិ។ មានប្រជាជនសរុប ១៣៤ ៥៤១ គ្រួសារ ស្មើនឹង ៥៥៨ ៨១៧ នាក់ ទំហំគ្រួសារជាមធ្យមចំនួន ៤,១៥ នាក់/គ្រួសារ ដង់ស៊ីតេប្រជាជនចំនួន ១០២ នាក់/គីឡូម៉ែត្រការ៉េ។ ប្រជាជន ១៨ ឆ្នាំ ឡើងមានមុខរបរកសិកម្មជាចំបងចំនួន ៧០.៥% មានមុខរបរសិប្បកម្មជាចំបងចំនួន ០.៦% និងមានមុខរបរផ្នែកសេវាកម្ម កម្មកររោងចក្រសហគ្រាសជាចំបងចំនួន ២៨,៩ %។

ឯកឧត្ដមបានបន្ដថាដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចក្នុងខេត្ត និងដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើងថែមទៀត ខេត្តនៅតែមានមហិច្ឆតាអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តឲ្យមានការរីកចំរើនខ្លាំងថែមទៀតសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅខេត្តកំពង់ឆ្នាំងឲ្យស្ថិតនៅកម្រិតអប្បរមា។ ខេត្តបានកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួន ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ តាមរយៈនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានជាធរមាន ខេត្តពិតជាមានមោទនភាព ចំពោះលទ្ធផលនៃការដឹកនាំរបស់គណៈអភិបាលខេត្ត ដែលបានឆ្លុះបញ្ចាំងតាមរយៈ នៃកំណើនសេដ្ឋកិច្ចរួម កំណើនតាមវិស័យ និងបង្ហាញពីចំណូលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ៗមានការកើនឡើង តាមរយៈការគណនា វិភាគសេដ្ឋកិច្ចដោយក្រសួងផែនការកន្លងមក។

ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានកោតសរសើរដល់ឯកឧត្តមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងជាសមាជិកក្រុមការងារប្រមួល គណនាផលិតផលក្នុងស្រុកសរុប(GDP)ពិសេសមន្ទីរផែនការខេត្តដែលជាលេខាធិការដ្ឋានដែលបានសម្របសម្រួលប្រមូលទិន្នន័យ ចងក្រងដើម្បីបូកសរុបលទ្ធផលនេះបានបញ្ចប់ និងបានធ្វើការផ្សព្វផ្សាយមុនគេ។

ឯកឧត្ដមបានបន្តថាខេត្តកំពង់ឆ្នាំងគឺជាខេត្តមួយដែលមានសក្ដានុពលសម្រាប់វិស័យជាច្រើនជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្មដែលជាក្បាលម៉ាស៊ីនជំរុញឲ្យសេដ្ឋកិច្ចខេត្ត។ជាលទ្ធផលខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ ២០១៩ មានចំនួនប្រជាជនជាង ៥៦៦ ពាន់នាក់ ទំហំសេដ្ឋកិច្ច ៣.៤២៩.៧៨៤ លានរៀល គិតជាដុល្លារ ៨៤២ លាន ដុល្លារអាមេរិក ដែលទំហំសេដ្ឋកិច្ចស្មើនឹង ៣,១ ភាគរយ នៃប្រទេសផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា។ សេដ្ឋកិច្ចមានកំណើន ៦,១ ភាគរយ និងចំណូលសម្រាប់មនុស្សម្នាក់មានចំនួន ១.៤៨៧ ដុល្លារអាមេរិក នៅឆ្នាំ ២០១៩។

លទ្ធផលខាងលើនេះបង្ហាញថាខេត្តកំពង់ឆ្នាំងមានចំណូលសម្រាប់ម្នាក់ម្នាក់ទាបជាងថ្នាក់ជាតិដែលមានចំនួន ១.៦៩៤ ដុល្លារអាមេរិកនៅឆ្នាំ ២០១៩ សេដ្ឋកិច្ចខេត្តមាន ៣ វិស័យសំខាន់ៗគឺ វិស័យកសិកម្មមានសមាមាត្រធៀបនឹងផលិតផលក្នុងស្រុកសរុបខេត្ត ៥៥,២ % ឧស្សាហកម្មមានសមាមាត្រ ២៧,២% និងសេវាកម្មមាន ១៧,២% ទិន្នន័យនេះបង្ហាញថាខេត្តកំពង់ឆ្នាំងមានសក្ដានុពលវិស័យកសិកម្មសម្រាប់ផ្គត់ផ្គង់រាជធានីភ្នំពេញ និងឧស្សាហកម្មដែលអាចជំរុញវិស័យសេដ្ឋកិច្ចខេត្តកាន់តែខ្លាំងថែមទៀត។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ