រដ្ឋបាលខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ផលប៉ះពាល់នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩
November 10, 2020 អ្នកទស្សនា :

ខេត្តកណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អញពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអប់រំកូនចៅ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត កុំឲ្យចាញ់បោកកលល្បិចជនខិលខូចមួយចំនួន ក្នុងការចំណាកស្រុកដោយបរថុយប្រថាន និងខុសច្បាប់ ដែលជាមូលហេតុធ្វើឲ្យពួកគាត់ងាយធ្លាក់ទៅក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ និងកម្លាំងពលកម្ម ជាពិសេសត្រូវប្រុងប្រយ័ត្ន ចំពោះឆ្លងរាលដាលនៃ ជំងឺរលាកផ្លូវដង្ហើម កូវីដ ១៩។

លោកជំទាវបានមានប្រសាសន៍ដូច្នេះ នៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ផលប៉ះពាល់នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុង ឃុំឈើខ្មៅស្រុកកោះធំ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងខេត្តកណ្ដាល លោកស្រីអភិបាលរងស្រុក មន្ទីរពាក់ព័ន្ធ ប្រជាពលរដ្ឋ និងពលករ ពលការិនីជាង ៦០ នាក់។

លោកជំទាវបានបញ្ជាក់ថា បច្ចុប្បន្ននេះជនល្មើសកាន់តែមានល្បិចកលខ្ពស់ ហើយរូបភាព នៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទតែប៉ុណ្ណោះទេ គឺថែមទាំងមានជួញដូរសិរីរាង្គ បទល្មើសរត់ពន្ធ ជួញដូរទារកឆ្លងដែន ជាពិសេស គឺការពរពោះជំនួស ដែលអំពើនេះគឺជារឿងដែលអមនុស្សធម៌បំផុត ដែលបញ្ហាទាំងនេះគឺតម្រូវឲ្យ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែដាក់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលរងខេត្ត បានធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋ និងកម្មករកម្មការិនី ទាំងអស់ថា ការធ្វើចំណាកស្រុក ឆ្លងដែនដោយគ្មានឯកសារផ្លូវច្បាប់ត្រឹមត្រូវ បានធ្វើឲ្យពលករទាំងនោះ ត្រូវបានទទួលរងការកេងប្រវ័ញ្ចគ្រប់រូបភាព ដូចជាទទួលរងគ្រោះដោយការចាប់ឃាត់ខ្លួនដាក់ពន្ធនាគារ ការផាកពិន័យ ការចាប់បញ្ជូនត្រឡប់ ការមិនផ្ដល់ប្រាក់កម្រៃពលកម្មពេញលេញ ការបញ្ជូនបន្តទៅធ្វើការពីកន្លែងមួយទៅកន្លែងមួយ ឬនៅឆ្ងាយដែលមិនអាចទំនាក់ទំនងទៅគ្រួសារបាន មានការដកហូតអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ការធ្វើទារុណកម្មរហូតបាត់បង់ជីវិតក៏មាន។

លោកជំទាវបានធ្វើពន្យល់បន្តថា ដើម្បីធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ គឺពលករពលការនីត្រូវមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ ហើយត្រូវទៅជួបជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធ ពីព្រោះកន្លែងនោះអាចជួយអ្នករកការងារ និងអាចជួយចុះឈ្មោះអ្នកជាមួយក្រុមហ៊ុនជ្រើសរើសពលករដែលស្របច្បាប់ ដែលទទួលស្គាល់ដោយក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវមានលិខិតឆ្លងដែន និងមានឯកសារពាក់ព័ន្ធនានា។

លោកស្រី ទេស សុភាព អភិបាលរងស្រុកកោះធំ បានឲ្យដឹងថា ស្រុកកោះធំមានអ្នកចំណាកស្រុក ទៅក្រៅប្រទេសមានចំនួន ៩៧១នាក់ស្រី ៤៩២នាក់។ និងត្រឡប់ចូលស្រុកវិញ ២៧នាក់ មកពីប្រទេស ចិន កូរ៉េ ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រទេសភីលីពីន ដោយបានឆ្លងកាត់ការដាក់តាមមណ្ឌលចត្តាឡីស័កចំនួន១៤ថ្ងៃមុន និងអនុញ្ញាតអោយទៅជួបជុំជាមួយក្រុមគ្រួសារវិញ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ