រដ្ឋបាលខេត្តកំពង់ចាម ប្រារព្វទិវាខួបអនុស្សាវរីយ៍លើកទី៦៧នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
November 09, 2020 អ្នកទស្សនា :

ខេត្តកំពង់ចាម៖ នៅសួនមុខសាលាខេត្ត នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ម៉ៅ ណែត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាខួបអនុស្សាវរីយ៍លើកទី៦៧នែទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា (០៩វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២០) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និស្សិត បងប្អូនប្រជាពលរដ្ឋច្រើនកុះករ។

ក្នុងទិវាខួបអនុស្សាវរីយ៍លើកទី៦៧នែទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា៖ ថ្ងៃនេះ កាលពី៦៧ឆ្នាំមុន ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំកងជីវពល ក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តមម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបីតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការទាមទារឯករាជ្យភាព ពីអាណានិគមនិយមបារាំង ដែលបានត្រួតត្រាលើប្រទេសកម្ពុជាអស់រយៈពេលជាង ៩០ឆ្នាំ ចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣។ ប្រជានុរាស្ត្រខ្មែរ នៅតែចងចាំជានិច្ច នូវមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្ដីថ្លៃថ្នូរ សេចក្ដីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ។

ឯកឧត្តម បានបន្តទៀតថា ក្រោយពីទទួលបានឯករាជ្យ ប្រទេសយើងបានទទួលនូវការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្នុងសម័យសង្គមរាស្រ្តនិយម តែអកុសលក្រោយពីរដ្ឋប្រហារ ១៨មិនា ឆ្នាំ១៩៧០ ធ្វើឱ្យមាតុភូមិកម្ពុជា ធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលដ៏រាំរ៉ែជិត៣ទស្សវត្យ ប្រទេសជាតិជួបប្រទេះតែអសន្តិសុខ និងទទួលរងការបំផ្លិចបំផ្លាញលើគ្រប់វិស័យ។ តែដោយសារនយោបាយ«ឈ្នះ-ឈ្នះ» ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានឱកាសនៃការអភិវឌ្ឍន៍ប្រទេសចាប់ពីចំណុចសូន្យរហូតដល់សព្វថ្ងៃនេះ ហើយខេត្តកំពង់ចាម ក៏ទទួលបាននូវសមិទ្ធិផលជាប្រវត្តិសាស្រ្តជាច្រើនបានកកើតមាននៅលើទឹកដីខេត្តកំពង់ចាម។

ក្នុងនាមព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ឯកឧត្តម អភិបាលខេត្ត បានសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះដួងព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្រាប់ពលិកម្មដ៏មហស្ចារ្យ និងដឹងគុណចំពោះពលិកម្មដ៏ឧត្តុង្គឧត្តមរបស់វីរៈយុទ្ធជន យុទ្ធនារីដ៏អង់អាចក្លាហានរបស់ជាតិជំនាន់នោះ ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុនៃឯករាជ្យជាតិ ពិសេសគឺដើម្បី ជាតិ សាសនា និងព្រះមហាក្សត្រ។ ជាមួយគ្នានេះក្នុងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឯកឧត្តម អភិបាលខេត្ត ក៏សូមបួសសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សាដល់វីរៈកងទ័ពកម្ពុជា ដែលបានបូជា និងពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ សូមឱ្យជួប្រទេះតែសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងបេកកម្ម បម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ