រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិនិត្យសភាពការណ៍គ្រោះមហន្តរាយជំនន់ទឹកភ្លៀង និងវាយតម្លៃការងារគ្រប់គ្រងទឹកសម្រាប់ប្រើប្រាស់នារដូវប្រាំងខាងមុខ
October 21, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិនិត្យសភាពការណ៍គ្រោះមហន្តរាយជំនន់ទឹកភ្លៀង និងវាយតម្លៃការងារគ្រប់គ្រងទឹកសម្រាប់ប្រើប្រាស់នារដូវប្រាំងខាងមុខ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សាន់ យូ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាព អភិបាលស្រុក និងនាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត។

      ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត និងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបាននឹងកំពុងរួមគ្នាអន្តរាគមន៍ ចាត់វិធានការយ៉ាងសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងដែលបានលិចផ្លូវ ទាំងផ្លូវជាតិ និងផ្លូវក្រាលគ្រួសក្រហម ព្រមទាំងបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ផងដែរ។

      បន្ថែមពីនោះ ឯកឧត្តម បានជម្រុញឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានសភាពការណ៍ជាប្រចាំ ដើម្បីរាយការណ៍ និងឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះហេតុការណ៍ផ្សេងៗ ព្រមទាំងបន្ដផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន អាណាព្យាបាលជាពិសេសចាស់ជរា និងកុមារតូចៗដែលជាជនងាយរងគ្រោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះហានិភ័យនៃគ្រោះមហន្តរាយទឹកជំនន់អាចនឹងកើតមានឡើងជាយថាហេតុ។

      ជាងនេះទៅទៀត ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញបញ្ជាក់បន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ តាមដាន និងពិនិត្យស្ថានភាពទឹកតាមបឹង ព្រែក ស្ទឹង ទូទាំងខេត្ត ត្រូវចាត់វិធានការបើកទ្វារទឹកដើម្បី បញ្ចូលទៅតាមព្រែក បណ្ដាអាងទឹកនានា និងតំបន់ទំនាបដើម្បីរក្សាទឹកទុកសម្រាប់រដូវប្រាំងនាពេលខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ