logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពអនុវត្តផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ រយៈពេល ១ឆ្នាំ
43
21-March-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃអង្គារ ០៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពអនុវត្តផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ រយៈពេល ១ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង ។ កិច្ចប្រជុំនេះ រៀបចំនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីឧត្ដមសេនីយ៍ស្នងការរងនគរបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក ប្រធានច្រកទ្វារព្រំដែនទាំងអស់ក្នុងខេត្ត អធិការនគរបាល មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សមត្ថកិច្ចនៅតាមព្រំដែន និងកងកម្លាំងពាក់ព័ន្ធ សរុប ៣១៩នាក់ ។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្តបានគូសបញ្ជាក់អំពីលទ្ធផលដ៏ល្អប្រសើរក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងពីរលើក នាពេលកន្លងមក ដែលកើតចេញពីការខិតខំប្រឹងប្រែង សហការ និងប្រមូលផ្ដុំកម្លាំងសរុបព្រមទាំងការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធក្នុងការដឹកនាំ ចាត់ចែង សម្របសម្រួល និងអនុវត្តប្រកបដោយការទទួលខុសត្រូវ លើសមរភូមិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងលើការងារផ្សព្វផ្សាយអប់រំ ការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាពិសេសការងារអនុវត្តច្បាប់ និងការសហការបង្ក្រាបបទល្មើសគ្រឿងញៀនបានជាច្រើនករណី និងរឹបអូសសារធាតុញៀនបានជាច្រើនគីឡូក្រាម ។ ជាមួយនេះ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា បើទោះបីជាកម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាប និងចាប់បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀនយកទៅផ្ដន្ទាទោសជាបន្តបន្ទាប់ ប៉ុន្តែសកម្មភាពនៃការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ក៏នៅតែបន្តកើតមាន និងជះឥទ្ធិពលប្រកបដោយគ្រោះថ្នាក់ និងបង្កនូវហានិយភ័យនៅឡើយសម្រាប់យុវជន យុវនារី ដែលទាមទារ ប្រើប្រាស់ពេលវេលាបន្ថែមទៀត ដើម្បីគាស់រំលើងឲ្យដល់ឬសគល់នៃបទល្មើស តាមរយៈការប្រមូលផ្ដុំកម្លាំងសរុបធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៣បន្តទៀត ។ ក្នុងន័យនេះ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ឯកឧត្ដមអភិបាលខេត្ត បានណែនាំ និងផ្ដាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនដល់អ្នកពាក់ព័ន្ធទាំងអស់ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក អធិការនគរបាល នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងសមត្ថកិច្ចនៅតាមព្រំដែន ត្រូវបង្កើនកិច្ចសហការទាំងក្នុងក្របខ័ណ្ឌក្នុងស្រុក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានលក្ខណៈប្រទាក់ក្រឡា ក្ដាប់ឲ្យបាននូវមុខសញ្ញាសង្ស័យពាក់ព័ន្ធ ដើម្បីទប់ស្កាត់ បង្រ្កាបឲ្យបាននូវរាល់ការប៉ុនប៉ងជួញដូរ ចរាចរ និងចែកចាយគ្រឿងញៀន ជាពិសេសត្រូវបន្តផ្សព្វផ្សាយខ្លឹមសារអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឲ្យបានទូលំទូលាយ និងការកៀរគរប្រមូលផ្ដុំឲ្យមានការចូលរួម សហការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ គ្រឹះស្ថានឯកជន ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ខារ៉ាអូខេ ក្លឹបកម្សាន្ត ឲ្យមានសកម្មភាពផុលផុសថែមទៀតនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ សំដៅកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់អវិជ្ជមាន និងការគំរាមកំហែងនានា ដែលបង្កឡើងដោយគ្រឿងញៀន ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវចាត់វិធានការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ វិធានការការពារគ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ឲ្យបានម៉ត់ចត់ ដើម្បីធានាការពារសុវត្ថិភាព សេចក្ដីសុខសាន្ត និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ