អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវចំនួន០៣ភូមិ
September 24, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃទី២៤កញ្ញា ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោករត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ក្រុមការងារស្រុក ឃុំភូមិ និងក្រុមហ៊ុន បានអញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវទាំង០៣ភូមិ។

      ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា ដោយមានការ គិតគូរខ្ពស់ចំពោះការធ្វើដំណើរកាត់បន្ថយគម្លាតពីទីក្រុងទៅជនបទ និង រួមចំណែកកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនោះ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអភិវឌ្ឍផ្លូវ លំជនបទដោយប្រែក្លាយពីផ្លូវដីក្រាលក្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូ បេតុងជាបណ្តើរៗ សម្រាប់ប្រើប្រាស់បានយូរអង្វែង នោះ។

      ឯកឧត្តម អ៊ុំ រាត្រី បន្តទៀតថា ជាក់ស្តែងគម្រោងផ្លូវ៣គីឡូម៉ែត្រ ដែលរដ្ឋបាល ខេត្តកំពុងដំណើរការស្ថាបនាដោយចាក់កៅស៊ូ ប្រភេទ DBST នេះ ដោយប្រើថវិកាខេត្ត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុង ការធ្វើចរាចរទៅមក និងដឹកកសិផលមកកាន់ទីផ្សារបានលឿនស្របទៅនឹងភាពរីកចម្រើន ប្រទេសជាតិនោះ។

      គួរជម្រាបថា គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូDBST មានប្រវែង ៣០០០ ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិសំរោង ភូមផាស៊ីស្រា និងភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលដល់ការធ្វើដំណើរ ប្រជាពលរដ្ឋ ប្តូរពីផ្លូវគ្រួសក្រហម មកក្រាលកៅស៊ូ ជាគម្រោងថវិកាអភិវឌ្ឍន៍ឆ្នាំ២០២០។

      អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងដែរថា អាជ្ញាធរខេត្តតែងតែបានយកចិត្តទុក ដាក់ប្រឹងប្រែងគិតគូរជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការខូចខាតនៅតាម បណ្តាស្រុកក្រុងឃុំសង្កាត់ភូមិដោយកន្លែងខ្លះការស្ថាបនាឡើង ដោយចាក់បេតុងក្រាល កៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលក្រួសក្រហមទៅតាមលទ្ធភាពថវិកា ដែលយើងមាន និងមួយចំណែកក៏បានមកពីទុនចូលរួមរបស់ប្រជាពលរដ្ឋ និង សប្បុរជនរួមគ្នាកសាង។

      អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការជំរុញឱ្យ មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទ រួមសហការជាមួយអាជ្ញាធរ ដែនដីត្រូវបន្តការយកចិត្តទុក ដាក់ពិនិត្យមើលផ្លូវថ្នល់ដែលរងការខូចខាត ត្រូវប្រញាប់ ប្រញាល់ធ្វើការជួសជុលឡើងវិញ មិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមឱ្យចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ដែលបានជួសជុល ស្ថាបនាហើយនោះនៅតាមមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ