អភិបាលខេត្តពោធិ៍សាត់ ទទួលសម្របសម្រួល ដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនពលរដ្ឋបាន១៨ករណី
September 24, 2020 អ្នកទស្សនា :

      (ពោធិ៍សាត់)៖ បើទោះបីជា ថ្ងៃនេះជាថ្ងៃឈប់សម្រាក ខួបឆ្នាំទី២៧ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាក៏ពិតមែន ក៏ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្រើប្រាស់តួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ ដោយបានទទួលសម្របសម្រួល ដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បាន១៨ករណី។

      កិច្ចសម្របសម្រួលខាងលើនេះ ធ្វើឡើងនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅវេលាទិកាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុកក្រុង ឃុំ សង្កាត់ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

      ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា នេះគឺជាទម្លាប់នៅរៀងរាល់ថ្ងៃអង្គារ ឬថ្ងៃសុក្រ ឯកឧត្តមតែងតែជួបជាមួយបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់។ ថ្វីត្បិតថ្ងៃនេះជាថ្ងៃឈប់សម្រាកក៏ពិតមែន តែនេះជាតម្រូវការចាំបាច់ នៅក្នុងស្ថានភាពរស់នៅរបស់បងប្អូនយើង។ ជាទូទៅឯកឧត្តមតែងតែប្រើប្រាស់ឋានានុក្រម២ គឺទី១-ក្នុងនាមជាអភិបាលខេត្ត សម្រាប់សម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ទៅលើផ្លូវច្បាប់ និងទី២-ក្នុងឋានៈជាគ្រួសារ មានតួនាទីជាបង ជាប្អូន ជាកូន ជាក្មួយ និងជាចៅមួយក្នុងគ្រួសារប្រជាពលរដ្ឋ ជាង៥០ម៉ឺននាក់ទូទាំងខេត្ត ដើម្បីចូលរួមសុខរួមទុក្ខជាមួយពួកគាត់គ្រប់ពេលវេលា។

      ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដើម្បីងាយស្រួលក្នុងការសម្រេច ឬដោះស្រាយផ្តាច់ក្តីពាក់ព័ន្ធនឹងក្តីកង្វល់ទាំងឡាយទាំងពួងរបស់បងប្អូន ដែលមិនទាន់ស្រឡះអារម្មណ៍ស្រឡះចិត្ត ក្នុងជីវរភាពរស់នៅប្រចាំថ្ងៃ ឯកឧត្តមសូមស្នើដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋដែលមានរឿងក្តីក្តាំទាំងអស់ សូមសម្តែងនូវការពិតបង្ហាញភាពស្មោះត្រង់ និងប្រកាន់យកនូវភាពយុត្តិធម៌ «បើអត់គឺប្រាប់ថាអត់ អ្នកបំពានគេគឺត្រូវប្រាប់ដោយត្រង់ អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ ទាំងនេះគឺជាសេចក្តីសុខ និងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរយើង»។

      ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ប្រទេសជាតិមានច្បាប់ ហើយច្បាប់មនុស្ស គឺមាននៅក្នុងការអនុវត្តលើជីវភាពរស់នៅប្រចាំថ្ងៃ ដោយឡែកច្បាប់កម្មពារក៏មានដែរ គឺសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។ ត្រូវចាំថាយើងយកដីគេ ពេលនោះគេនឹងខឹងយើង ចុះបើគេយកដីយើង តើយើងខឹងគេដែរឬក៏អត់? ត្រង់ចំណុចនេះសូមបងប្អូនពុកម៉ែប្រជាពលរដ្ឋពិចារណា កុំបំពានគ្នា និងកុំបន្តរំលោភសិទ្ធិគ្នា។

      ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ អ្វីដែលយើងបំពានគេ ពេលនោះគឺមានតែខាតបង់ពេលវេលា ប្រាក់កាក់ដោយឥតប្រយោជន៍ និងបំផ្លាញសេចក្តីសុខក្នុងក្រុមគ្រួសារ។ ក្រោយពេលដែលយើងជួបគ្នាហើយនេះ សូមឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ បោះបង់ចោលនូវរឿងរ៉ាវទាំងអស់ ដោយរួមគ្នាកសាងអំពើល្អ សាបព្រោះនូវសេចក្តីល្អ ពូជល្អ និងទង្វើរល្អ ដើម្បីសន្សំយកផលបុណ្យទៅថ្ងៃអនាគត។

      ផ្អែកតាមការសម្របសម្រួល រយៈពេលជិត៦ម៉ោង ពោលគឺចាប់ពីម៉ោង ៩៖០០នាទីព្រឹក រហូតដល់ម៉ោង ២៖៤៥នាទីរសៀល ឯកឧត្តម ម៉ៅ ធនិន រួមជាមួយថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ បានដោះស្រាយសំណុំរឿង ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានចំនួន១៨ករណី ដែលក្នុងនោះមាន៖ បញ្ហាទំនាស់ដីធ្លី បញ្ហាទំនាស់ក្រុមគ្រួសារ បញ្ហាកម្ចីប្រាក់ បញ្ហាបរិហារកេរ្តិ៍ ស្នើសុំធ្វើប្លង់កម្មសិទ្ធិ ស្នើសុំធ្វើសំយ៉ាប យោធិនពិកាស្នើសុំស័ង្កសី ស្នើសុំស្បៀង និងទំនាស់ផ្សេងៗ...។ល។

      គួរបញ្ជាក់ថា នេះគឺជាទម្លាប់ដែលឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ តែងតែអនុវត្តន៍ជារឿយៗ ជាមួយបងប្អូនពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត តាំងពីឯកឧត្តមបានមកដឹកនាំយន្តការនៅក្នុងខេត្ត បានជាង៦ឆ្នាំមកនេះ។ ហើយនេះគឺជាការឆ្លើយតបថ្មីមួយ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលស្នើឱ្យរដ្ឋបាលរាជធានីខេត្ត យកចិត្តទុកដាក់តាមដានព័ត៌មាន និងធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ប្រកបដោយតម្លាភាព និងយុត្តិធម៌៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ