ឯកឧត្តម ជាវ តាយ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២០
September 23, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២០ នៅសាលាខេត្តកំពត។ សមាសភាពអញ្ជើញចូលរួមក្នុងពិធីនាព្រឹកនេះរួមមាន៖ ឯកឧត្តមអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អភិបាលរងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត លោកស្នងការ មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អធិការនគរបាល មេបញ្ជាការកងកម្លាំងទាំងបីប្រភេទក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ សរុបប្រមាណ ១៤០នាក់។

      ក្នុងពិធីនាព្រឹកនេះឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា៖ ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត សូមកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកបានយកចិត្តទុកដាក់អនុវត្តសកម្មភាព ក្តាប់ជាប់នូវគ្រប់សភាពការណ៍គ្រឿងញៀនដែលកើតមានក្នុងខេត្ត និងចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយបង្ក្រាបបទស្មើសគ្រឿងញៀនបានចំនួន១៣៣ករណី ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២១២នាក់ ស្រី១៣នាក់ ចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៦០២កញ្ចប់ ទម្ងន់៦៤៤,១៧ក្រាម គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់ និង៥៥កញ្ចប់តូច មានទម្ងន់៤៣,៤៥ក្រាម និងថ្នាំញៀនប្រភេទគ្រាប់ចំនួន០៧គ្រាប់ ទម្ងន់១ក្រាម រថយន្ត២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ឯកឧត្តមបានបញ្ជាក់ទៀតថា ចំពោះករណីទាំងនេះ យើងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

      ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដាក់ចេញនូវផែនការមួយចំនួនសម្រាប់អនុវត្ត ដោយផ្តោតសំខាន់ទៅលើគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តរៀបចំ និងពង្រឹងយន្តការរបស់ខ្លួន ហើយបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅការងារត្រួតពិនិត្យគ្រឿងញៀន។ បង្កើនការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ជំរុញលើកទឹកចិត្តឲ្យមានការចូលរួមយ៉ាងសកម្មផុលផុសពីគ្រប់ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចវិស័យសាសនា វិស័យឯកជន សប្បុរសជន អង្គការ សមាគមជាដៃគូ ដោយបង្កើនការអប់រំផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម បណ្តាញព័ត៌មាន និងវេទិកានានា នៅតាមមូលដ្ឋានឲ្យបានជាប្រចាំ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ