ឯកឧត្តម សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ នាយ-នាយ​រង និងពលទាហាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅទីបញ្ជាការយោធភូមិភាគទី៣
September 14, 2020 អ្នកទស្សនា :

      កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមសក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល​សួរសុខទុក្ខ នាយ-នាយរង និងពលទាហាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅទីបញ្ជាការយោធភូមិភាគទី៣។

      ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ, ឯកឧត្តមអភិបាលខេត្តព្រះសីហនុ, ឯកឧត្តមអភិបាលខេត្តតាកែវ, ឯកឧត្តមអភិបាលខេត្តកែប, ឯកឧត្តមអភិបាលខេត្តកំពត, លោកជំទាវអភិបាលខេត្តកោះកុង, និងឯកឧត្តម ឧត្តមសេនីយឯក យឿន សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ ព្រមទាំង សមាជិកសមាជិកាជាច្រើនរូបទៀត។

      ក្នុងឱកាសសំណេះសំណាលនេះដែរ ឯកឧត្តម សក់ សេដ្ឋា បានពាំនាំនូវការ​ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល​ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយ-នាយរង និងពលទាហានទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរបស់យើងនៅគ្រប់ទីកន្លែង។

      ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើខ្ពស់ចំពោះស្មារតីតស៊ូ អង់អាចក្លាហានប្រកបដោយវីរៈភាពរបស់នាយ-នាយ-នាយរង និងពលទាហាន​ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារមាតុភូមិ ការពារ​បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ​របស់យើងឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

      ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក៏បានធ្វើការផ្តាំផ្ញើដល់ នាយ-នាយរង និងពលទាហានទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព សំខាន់ចូលរួមក្នុងការ​បង្ការ​ទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមថ្មី (COVID-19) ដែលបង្កឡើងដោយវីរុសកូរ៉ូណា និងគ្រុនឈីក និងសូមឱ្យបងប្អូនចេះធ្វើអនាម័យឱ្យបានជាប្រចាំនៅក្នុងក្រុមគ្រួសារ គឺត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងសម្អាត​ដៃនិងសាប៊ូជាមួយទឹកស្អាតអាល់កុល ឬជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ។

      ជាមួយគ្នានេះដែរ ឯកឧត្តម សក់ សេដ្ឋា សូមជូនពរដល់ នាយ-នាយរង និងពលទាហានទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ សូមប្រកប​ដោយពុទ្ធពរ និងជ័យទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ព្រមទាំងគណៈប្រតិភូ ក៏មាននាំយកនូវថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយ​ចំនួន​ដែលជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ចែកជូនដល់នាយ-នាយរង និងពលទាហានទាំងអស់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ