អភិបាលខេត្តកណ្ដាល អំពាវនាវឱកាសអាជ្ញាធរក្រុង-ស្រុក ទាំងអស់ក្នុងខេត្ត ត្រូវពង្រឹងកីឡាគ្រប់ប្រភេទ និងនាំគ្នាលេងកីឡាជាប្រចាំ
September 11, 2020 អ្នកទស្សនា :

      ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាល ឆ្នាំ២០២០ នៅវិទ្យាល័យ ជ័យវរ្ម័នទី៧ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលពិធីនេះមានការអញ្ជើញចូលពី ឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងកីឡាករ កីឡាការិនី ជាច្រើននាក់ផងដែរ។

      មានសាសន៍នាឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវឱកាសអាជ្ញាធរក្រុង-ស្រុក ទាំងអស់ក្នុងខេត្ត ត្រូវពង្រឹងកីឡាគ្រប់ប្រភេទ និងនាំគ្នាលេងកីឡាជាប្រចាំ ព្រោះកីឡាបង្កើតនូវសាមគ្គីភាព ឯកភាពគ្នា មានសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន។

      ឯកឧត្តមអភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ប្រមុខដឹកនាំដ៏ឆ្នើម បានដាក់ចេញនូវគោលនយោបាយជាតិ នៃការអភិវឌ្ឍអប់រំកាយ និងកីឡា ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ ឱកាស និងបណ្ដុះវប្បធម៌អប់រំកាយ និងកីឡាដល់ប្រជាជនគ្រប់រូប ឱ្យមានសុខភាពល្អ និងសុខមាលភាពល្អ កាយសម្បទារឹងមាំ ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរ ក្នុងការប្រកួតកីឡាទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។

      ឯកឧត្តមក៏បាន សម្ដែងនូវការកោតសរសើរ ដល់កីឡាករ កីឡាការិនី ដែលបានតស៊ូយ៉ាងស្វិតស្វាញ ប្រកបដោយភាពស្វាហាប់ គោរពបាននូវក្រមសីលធម៌ និងវិន័យ រហូតដណ្ដើមបានជ័យលាភី នាឱកាសនេះផងដែរ។ ហើយសម្រាប់កីឡាករ កីឡាការិនី ដែលមិនទទួលបានជ័យលាភី មិនត្រូវមានការអស់សង្ឃឹមឡើយ ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមក្នុងការប្រកួត នៅលើកក្រោយៗទៀត ឱ្យទទួលបានជ័យលាភីផងដែរ។ ជាងនេះទៅទៀត កីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភីហើយ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ព្រោះថាប្រទេសកម្ពុជា នឹងមានកិត្តិយសជាប្រវត្តិសាស្ត្រ ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខនេះ។

      ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ព្រោះថា នៅលើពិភពលោកនេះមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ជាងនេះទៅទៀត ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង អ្នកដទៃ និងក្រុមគ្រួសារផងដែរ។ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តឱ្យបាន នូវគោលនយោបាយរបស់ភូមិ-ឃុំមានសុវត្ថិភាពទាំង៩ ចំណុច ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ