រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ច្រាំងទន្លេវ៉ៃគោផ្នែកខាងត្បូង ប្រវែង១៥៤ម៉ែត្រ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង
September 21, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ ២០២០នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ច្រាំងទន្លេវ៉ៃគោផ្នែកខាងត្បូង តភ្ជាប់ពីខាងលិច (ទំនប់តាណេង )ទៅដល់ស្ពានតាហោរ ប្រវែង ១៥៤ម៉ែត្រ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

      នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព នានាក្នុងខេត្ត លោកនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត តំណាងកងកម្លាំងទាំង៣ លោកអភិបាលក្រុងស្វាយរៀង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

      សូមបញ្ជាក់ថាច្រាំងទន្លេដែលត្រូវក្រុងពាលីស្ថាបនាពេលនេះមានប្រវែង ១៥៤ម៉ែត្រ ផ្នែកខាងត្បូង បន្ថែមពីលើច្រាំងផ្នែកខាងលិច មានប្រវែង ៩៧៥ម៉ែត្រ ហើយនៅជំហានបន្ទាប់ រដ្ឋបាលខេត្តនឹងរៀបចំក្រាលការ៉ូឡា បំពាក់ភ្លើងបំភ្លឺ សួនច្បារ ដាំដើមឈើលម្អ កន្លែងហាត់ប្រាណ ព្រមទាំងមានរៀបចំវេទិកាសម្រាប់ប្រារព្ធពិធីប្រណាំងទូក ហើយការអភិវឌ្ឍ និងកែលម្អច្រាំងទន្លេវ៉ៃគោនេះ គឺជាគម្រោងផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្នុងក្រុង និងជាកន្លែងកម្សាន្ត លំហែអារម្មណ៍ ហាត់កីឡា ព្រមទាំងជាផ្នែកមួយចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ហើយក៏ជាចំណងដៃប្រត្តិសាស្ត្រសម្រាប់ខេត្តស្វាយរៀងផងដែរ ។

      ចំពោះគម្រោងអភិវឌ្ឍន៍នេះ រដ្ឋបាលខេត្ត សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងក្រុងស្វាយរៀង នឹងអបអរសាទរទទួលយកសមិទ្ធថ្មីដែលជាប្រយោជន៍រួមនេះដោយក្ដីរីករាយ ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ