ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងក្នុងតំបន់ការពារធម្មជាតិ
September 09, 2020 អ្នកទស្សនា :

      នៅរសៀល ថ្ងៃពុធ ទី ០៩ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលប្រើប្រាស់​ និងអាស្រ័យផលជាក់ស្ដែងក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពត ដឹកនាំដោយ ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួម ប្រតិភូក្រសួងបរិស្ថាន អភិបាលរងខេត្ត និងក្រុមការងារសិក្សាស្រាវជ្រាវ ដែលនឹងចុះធ្វើអត្តសញ្ញាណមនុស្ស អត្តសញ្ញាណដី ដើម្បីពិនិត្យ និងលើកយោបល់ស្វែង រកដំណោះស្រាយលើបញ្ហាដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពត សរុបចំនួន ២៨រូប ។

      លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្ត បានរាយការជូនអង្គប្រជុំថា ប្រជាពលរដ្ឋ មកដាក់ពាក្យកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែងក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្សបូកគោ ចាប់តាំងពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារទទួលបានពាក្យស្នើសុំនៅតាមទីតាំង៣ កន្លែងបានចំនួន២.៨៦០ក្បាលដី ។

      ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបានស្នើសុំក្រុមការងារទាំងអស់ពិនិត្យពិចារណាទៅលើការស្នើសុំដីជាប់ជ្រលងភ្នំដងអូរ គួរតែរក្សាទុកជាតំបន់ការពារធម្មជាតិ និងស្នើសុំការចូលរួមដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលក្រុមការងារបានជួបប្រទះ។

      ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំកាន់កាប់ដីរបស់ប្រជាពលរដ្ឋនោះមិនមែនមានន័យថា ដីទាំងនោះត្រូវបានផ្ដល់ជូនជាដីកម្មសិទ្ធិរបស់ពួកគាត់នោះទេ មុននឹងផ្ដល់ជូនពួកគាត់ ត្រូវមានការវាយតម្លៃពីគណៈកម្មការថ្នាក់ជាតិនិងថ្នាក់ខេត្ត ថាត្រូវឆ្វៀល ឬមិនត្រូវឆ្វៀលជូនពួកគាត់ ហើយមូលដ្ឋាននៃការវាយតម្លៃ គឺពិនិត្យទៅលើការអាស្រ័យផលជាក់ស្តែងមានដាំដំណាំ និងកំណត់ចំណោតកម្ពស់ធៀបនិងនីវ៉ូទឹកសមុទ្រឲ្យបានច្បាស់លាស់ ។ ទាក់ទងទៅនឹងកាលបរិច្ឆេទឈប់ទទួលពាក្យ ឯកឧត្តមស្នើសុំក្រុមការងារ ពន្យារពេល ព្រោះថាអាចនៅមានប្រជាពលរដ្ឋច្រើនសេសសល់មិនទាន់បានដាក់ពាក្យ។ ឯកឧត្តម សូត យា បានមានមតិបូកសរុបកិច្ចប្រជុំដោយបានគូសបញ្ជាក់ថា ក្រសួងបរិស្ថានទទួលបន្ទុកពិនិត្យ និងឆ្វៀលដី ក្នុងក្របខ័ណ្ឌឧទ្យានជាតិព្រះមុនីវង្យបូកគោ នៅពេលដែលក្រុមការងារបានចុះសិក្សាកំណត់អត្តសញ្ញាណដីរួចរាល់ ដោយមានការយល់ព្រមពីឯកឧត្តមអភិបាលខេត្ត ក្រុមការងារថ្នាក់ជាតិ និងរៀបចំរបាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីលើកយោបល់ជូនទៅសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ ឯកឧត្តមស្នើសុំក្រុមការងារខេត្តរៀបចំក្រុមការងារតូចៗ ចុះពិនិត្យសិក្សាលើភូមិសាស្រ្ត ៣ ក្រុង ស្រុក រួចឯកឧត្តមនឹងដាក់បញ្ចូលក្រុមការងារក្រសួងចុះធ្វើការងារជាមួយនិងក្រុមការងារនេះបានឆាប់រហ័ស ដើម្បីស្រង់ទិន្នន័យទំហំក្បាលដីនៅទីតាំងជាក់ស្ដែង និងស្នើសុំឯកឧត្តមអភិបាលខេត្ត និងក្រុមការងារត្រៀមលក្ខណៈសម្របសម្រួលជាមួយប្រជាពលរដ្ឋ ប្រសិនបើមានបញ្ហាប្រឈមកើតឡើងក្នុងបេសកកម្មក្រុមការងារ និងស្នើសុំឯកឧត្តមអភិបាលខេត្តបន្ថែមពេលវេលាទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ