រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំ ពិភាក្សាស្វែងយល់ និងពិនិត្យពីវឌ្ឍនភាព បញ្ហាប្រឈម និងកាលានុវត្តភាព នៃការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍
September 10, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ​ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចូលរួមអមដំណើរឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចំពោះកិច្ចដើម្បីដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារព្រំដែនកម្ពជា-វៀតណាម អញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្វែងយល់ និងពិនិត្យពីវឌ្ឍនភាព បញ្ហាប្រឈម និងកាលានុវត្តភាព នៃការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

      អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាក្រុមការងារចំពោះកិច្ចដើម្បីដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារព្រំដែនកម្ពជា-វៀតណាម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត លោកអភិបាលស្រុកកំពង់រោទិ៍ តំណាងវិស័យឯកជន សមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះឯកឧត្ដមទេសរដ្ឋមន្ត្រី ដែលតែងតែជួយគាំទ្រដល់ដំណើរការនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តស្វាយរៀងនាពេលកន្លងមក ជាពិសេសអគាររដ្ឋបាល នៃទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ដែលទើបសាងសង់រួច ក៏ដូចជាការគាំទ្រដល់ដំណើរការធ្វើឲ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិក្នុងខេត្ត ហើយឯកឧត្ដមសង្ឃឹមថា តាមរយៈកិច្ចប្រជុំនៅថ្ងៃនេះ និងក្រោមយន្តការដឹកនាំរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី យើងនឹងកំណត់បាននូវវិធានការដោះស្រាយ ព្រមជាមួយនឹងទទួលបាននូវកាលានុវត្តភាពថ្មីៗ ដើម្បីគាំទ្រដល់កិច្ចការអភិវឌ្ឍន៍ច្រកទ្វារព្រៃវល្លិ៍នេះ ឲ្យក្លាយជាច្រកទ្វារព្រំដែនព្រំដែនអន្តរជាតិដែលដើរតួនាទីពេញលេញ និងដ៏ប្រសើរសម្រាប់ការងារសម្របសម្រួលដល់ការដឹកជញ្ជូនកសិផល ទំនិញ ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញចូលឆ្លងកាត់ព្រំដែន ។

      ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំអំពីគម្រោងសាងសង់សំខាន់ៗ​ក្នុងការពង្រីក និងលើកកម្ពស់គុណភាព​ ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញលេីវិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង និងអាចប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់។ ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនថា៖ ក្រសួងបាននិងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញធ្វើចរាចរណ៍តាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងបានធ្វើការជាមួយភាគីវៀតណាមដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅព្រំដែនបាវិត-ម៉ុកបាយផងដែរ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំទាំងមូលចូលរួមជាមតិ យោបល់ក្នុងការប្រែក្លាយវិស័យភស្ដុភារកម្មកម្ពុជាឱ្យទៅជាមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញ របស់ប្រទេសជិតខាង ដោយហេតុថាកម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពីកម្ពុជា-វៀតណាម និងពីវៀតណាម-កម្ពុជា។ ទន្ទឹមនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារចំពោះកិច្ច ឯកឧត្តមអភិបាលខេត្ត និងភាគីពាក់ព័ន្ធដែលបានសហការល្អក្នុងសម្រួលដល់វិស័យដឹកជញ្ជូនទំនិញនៅតាមច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍បើទោះជាបច្ចុប្បន្នស្ថិតក្នុងកាលៈទេសៈ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយក៏លំហូរនៃការដឹកជញ្ជូនទំនិញធ្លងកាត់ព្រំដែននៅតែមានភាពរលូនទៅមុខជានិច្ច ដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ