រដ្ឋបាលខេត្តបាត់ដំបង រៀបចំកម្មវិធីសំអាតបរិស្ថាន ក្រុងបាត់ដំបង ដើម្បីលើកកម្ពស់វិស័យបរិស្ថានក្នុងក្រុងបាត់ដំបង
September 10, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្នុងកម្មវិធីសំអាតបរិស្ថាន ក្រុងបាត់ដំបង ដើម្បីលើកកម្ពស់វិស័យបរិស្ថានក្នុងក្រុងបាត់ដំបង ទៅតាមគោលដៅរៀងៗខ្លួនដែលត្រូវបានកំណត់ ។ ក្នុងកម្មវិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរង មន្រី្ដរាជការសាលាខេត្ត មន្រ្ដីរាជការពីស្ថាប័នមន្ទីរជំនាញក្នុងខេត្តបាត់ដំបង ព្រមទាំងសិស្សានុសិស្សវិទ្យាល័យក្នុងក្រុងបាត់ដំបងផងដែរ។

      ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា យើងបានខកខានធ្វើកម្មវិធីសម្អាតបរិស្ថាននេះអស់រយៈពេលជាង៥ខែមកហើយ ដោយលើកចុងក្រោយយើងប្រារព្ធពិធីសម្អាតបរិស្ថាននេះ គឺដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៦ ដែលធ្វើឡើងដំបូងគេសម្រាប់ទីរួមខេត្តបាត់ដំបងផ្ទាល់ ដើម្បីរក្សាអនាម័យស្អាតល្អត្រៀមទទួលភ្ញៀវទេសចរណ៍ដែលមកលេងសម្រាប់កម្មវិធីបុណ្យទន្លេនេះ។ ឯកឧត្តម បានបន្តទៀតថា សម្រាប់ក្នុងកម្មវិធីថ្ងៃនេះ គឺដើម្បីលើកទឹកចិត្ត និងក្រើនរំលឹកដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ឲ្យចេះស្រឡាញ់ ថែរក្សាបរិស្ថានឲ្យបានស្អាតជានិច្ច ដោយមិនត្រូវស្រឡាញ់តែក្នុងអំឡុងពេលនៃការធ្វើកម្មវិធីសម្អាតបរិស្ថាននេះតែប៉ុណ្ណឹងទេ គឺត្រូវចេះស្រឡាញ់រហូត ត្រូវមានការសម្អាតមុខផ្ទះឲ្យបានស្អាតជានិច្ច ពិសេសត្រូវចេះចោលសំរាមក្នុងធុងសំរាម មិនត្រូវចោលពាសវាលពាសកាល ធ្វើឲ្យអនាម័យសាធារណៈមិនស្អាត ហើយអាចបង្កឲ្យមានការស្ទះលូនៅពេលភ្លៀងធ្លាក់ ដោយសារតែសំរាមហូរចូលមាត់លូជាដើម ហើយជាពិសេសគឺដើម្បីរក្សាកេត្តិនាមខេត្តមួយដែលសាកសមនិងការទទួលពានរង្វាន់ផ្ការំដួល៣ទងផងដែរ។ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការណែនាំ និងអំពាវនាវដល់ មន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុងបាត់ដំបង និងក្រុមហ៊ុនប្រមូលសំរាម យកចិត្តទុកដាក់ទៅលើផ្លូវសំខាន់ៗ និងតាមផ្លូវសាធារណៈមួយចំនួនក្នុងក្រុងបាត់ដំបង មេត្តាធ្វើការសំអាត និងប្រមូលសំរាមឲ្យបានទៀងទាត់ ព្រោះបច្ចុប្បន្ននេះ មិនទាន់មានភាពស្អាតនៅឡើយទេ ដោយទាមទារឲ្យមានការយកចិត្តទុកដាក់ជាប្រចាំ ក្នុងការប្រមូលសំរាមឲ្យបានទៀងទាត់ ចៀសវាងការគរសំរាមចោលបង្កជាមេរោគ ក្លិន និងជម្ងឺផ្សេងៗដល់សុខភាពប្រជាពលរដ្ឋ ពិសេសក្មេងៗ កុមារា កុមារី ចាស់ជរា ដែលងាយនឹងឆ្លងជម្ងឺផ្សេងៗ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ