អភិបាលខេត្តតាកែវ ជំរុញដល់មន្រ្តីជំនាញបសុព្យាបាលខេត្ត បន្តចុះចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺដល់សត្វពាហនៈរបស់ប្រជាពលរដ្ឋកាន់តែច្រើនឡើងថែមទៀត
September 10, 2020 អ្នកទស្សនា :

      តាកែវ៖ នៅក្នុងឱកាសអញ្ជើញដឹកនាំមន្រ្តីជំនាញបសុព្យាបាលខេត្ត ចុះចាក់វ៉ាក់សាំងជំងឺសារទឹក និងជំងឺអ៊ុតក្ដាម ដល់សត្វពាហនៈរបស់ប្រជាពលរដ្ឋ នៅភូមិជ្រោយសំរោង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការជំរុញក៏ដូចជាណែនាំដល់មន្រ្តីជំនាញបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តចុះចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺ ដល់សត្វពាហនៈរបស់ប្រជាពលរដ្ឋ ឱ្យបានគ្រប់ចំនួនទៅតាមផែនការ ពីព្រោះរដូវនេះ មានភ្លៀងធ្លាក់ច្រើនអាចបង្កឱ្យសត្វមានជម្ងឺបាន។

      ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍លើកឡើងថា ការចាក់វ៉ាក់សាំងនេះ ក្នុងគោលបំណង ដើម្បីការពារកុំអោយសត្វចិញ្ចឹម (គោ ក្របី) នេះឆ្លងជំងឺ ប្រសិនបើយើងមានការធ្វេសប្រហែសបន្តិច អាចអោយសត្វគោ ក្របី ឈឺងាប់ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងពេលវេលាផងដែរ។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ច្បាស់ពីបញ្ហារចាក់ថ្នាំបង្ការនេះទេ ដោយគិតថាសត្វរបស់គាត់មិនទាន់ឈឺផង ហេតុអ្វីត្រូវចាក់ថ្នាំនេះ ហើយនេះក៏អាចជាកត្តាដ៏ចម្បងដែលបណ្តាលសត្វចិញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋ កើតជាជម្ងឺអ៊ុតក្តាម និងជម្ងឺសារទឹកផងដែរ ពិសេសអាចឆ្លងរាលដាលផងដែរ ដូច្នោះសូមបងប្អូនត្រូវយកសត្វចិញ្ចឹមរបស់ខ្លួនយកមកចាក់វ៉ាក់សាំងបង្ការជម្ងឺអ៊ុតក្តាមនឹងជម្ងឺសារទឹកនេះ ក្នុងពេលដែលមន្រ្តីជំនាញបសុព្យាបាល ចុះមកចាក់នៅក្នុងមូលដ្ឋានម្តងៗ ។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តក៍បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានយកសត្វមកចាក់ចាក់ថ្នាំវ៉ាក់សាំងបង្កាជម្ងឺនាពេលនេះ សូមជួយផ្សព្វផ្សាយបន្ត ដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមិនទាន់បានចាក់ថ្នាំវ៉ាក់សាំងបង្កាជម្ងឺសត្វ គោ ក្របី របស់ពួកគាត់ ហើយមន្រ្តីជំនាញបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងបន្តចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺ ដល់សត្វពាហនៈជូលប្រជាពលរដ្ឋ ដល់មូលដ្ឋានតែម្តង ដោយមិនគិតប្រាក់ឡើយ។

      លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បាន ណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលចិញ្ចឹមសត្វគោ ក្របី ត្រូវចេះតាមដានពីអារៈជំងឺសត្វរបស់ពួកគាត់ឱ្យបានទៀងទាត់ ដើម្បីឱ្យដឹងពីស្ថានភាពជំងឺរបស់សត្វ ជាពិសេសត្រូវប្រញ៉ាប់ជូនដំណឹងមកអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ដើម្បីឱ្យមន្រ្តីបសុពេទ្យ ឬពេទ្យភូមិធ្វើការចុះមកព្យាបាលបានទាន់ពេលវេលា ជាសវាងទុកបណ្តោយរហូតដល់សត្វងាប់ ដែលនាំឱ្យខាត់បង់សេដ្ឋកិច្ចក្រុមគ្រួសារ។

      លោក ញឹប ស្រ៊ន ក៏បានគូសបញ្ជាក់ទៀតថា នៅក្នុងថ្ងៃនេះ មន្រ្តីជំនាញបសុព្យាបាលខេត្ត បានចុះចាក់វ៉ាក់សាំងការពារនឹងបង្ការជម្ងឺដល់សត្វគោរបស់បងប្អូនប្រជាពលរដ្ឋនៅសង្កាត់បារាយណ៍ ក្រុងដូនកែវ បានចំនួន១០៧ ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ