ផ្លូវក្រាលកៅស៊ូប្រភេទ DBST ១ខ្សែរ ប្រវែងជិត ៧គីឡូម៉ែត្រ នៅស្រុកសាលាក្រៅ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន បើកការដ្ឋានស្ថាបនា
September 07, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរ ដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញបើកការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ១ខ្សែ ភ្ជាប់ពីផ្លូវជាតិលេខ៥៩ ត្រង់រង្វង់មូលសាលាក្រៅ ឆ្ពោះទៅភ្ជាប់នឹង ផ្លូវជាតិលេខ៥៧ ត្រង់ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលឆ្លងកាត់ចំនួន ០៤ភូមិ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុ សិស្សមកសាលារៀន។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមមាគ៌ាដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រោមគោលនយោបាយឈ្នះៗ បានធ្វើឱ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ ប្រជាពលរដ្ឋកាន់តែធូរធាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកទេសចរណ៍ និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយបន្ទាប់ពីស្ថាបនារួចរាល់ គឺផ្លូវនេះនឹងអាចសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារ ឱ្យមានភាពកាន់តែងាយស្រួល ជាពិសេសសម្រួលដល់ សិស្សានុសិស្សបានធ្វើដំណើរទៅសិក្សារៀនសូត្របានទាន់ពេលវេលា។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍សំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពិសេសផ្លូវថ្នល់នេះតែម្តង ព្រោះថាការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយប្រជាពលរដ្ឋដែលនៅរស់នៅសងខាងផ្លូវនេះ មេត្តាយោគយល់ និងអធ្យាស្រ័យ ព្រមទាំងចូលរួម សហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះ សម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។

      បើតាមការបញ្ជាក់ពីលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឱ្យដឹងថា៖ ផ្លូវលេខ១៥.៩៣ ដែលបានបើកការដ្ឋានស្ថាបនា នាពេលនេះ មានប្រវែង ៦.៨៤ គីឡូម៉ែត្រ ទទឹង៧ ម៉ែត្រ ក្រាលកៅស៊ូប្រភេទ DBST ក្នុងនោះសាងសង់ លូប្រអប់កាត់ទទឹងថ្នល់មុខ មួយប្រវែង ១២ម៉ែត្រ ចំនួន០១កន្លែង សាងសង់លូមូលកាត់ទទឹងថ្នល់មុខ២ អង្កត់ផ្ទិត ១ម ប្រវែង ១២ម ចំនួន ០៤ កន្លែង សាងសង់ លូ មូលកាត់ទទឹងថ្នល់មុខ១ អង្កត់ផ្ចិត ១ម ប្រវែង ១២ម ចំនួន ០១ កន្លែង សាងសង់ប្រឡាយបេតុង រាងចតុកោណព្នាយ ប្រវែង ១៦៣ម សាងសង់លូមូលរំដោះទឹកមុខ២ អង្កត់ផ្ចិត ១ម ប្រវែង ៥០ម សាងសង់លូមូលរំដោះទឹកមុខមួយ អង្កត់ផ្ចិត ១ម ប្រវែង ៤៣ម និងសាងសង់អណ្តូងលូ ចំនួន ០៤ កន្លែង៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ