អភិបាលខេត្តប៉ៃលិន អញ្ជើញទទួលរថយន្តសង្គ្រោះ១បន្ទាន់គ្រឿង ពីធនាគារពិភពលោក និងគម្រោងលើកកម្ពស់សុខភាព និងសមធម៌សុខាភិបាល ប្រគល់ជូនមន្ទីរសុខាភិបាលខេត្ត
September 07, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ បានប្រគល់រថយន្តសង្គ្រោះ ១គ្រឿង ដល់មន្ទីរសុខាភិបាលខេត្ត ដែលជាអំណោយរបស់ធនាគារពិភពលោក និងគម្រោង លើកកម្ពស់សុខភាព និងសមធម៌សុខាភិបាល តាមរយៈក្រសួងសុខាភិបាល ដើម្បីបម្រើដល់វិស័យសុខាភិបាលក្នុងខេត្តប៉ៃលិន ឱ្យកាន់តែល្អប្រសើឡើង។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រថយន្តសង្គ្រោះនេះ មានសារៈសំខាន់ណាស់សម្រាប់ជួយប្រជាពលរដ្ឋ ដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ដោយដឹកទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា និងក្នុងគ្រាមានអាសន្នផងដែរ។

      ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងសមធម៌ ជាក់ស្តែងការផ្តល់រថយន្តសង្គ្រោះនាពេលនេះ គឺជាសាក្ខីភាពដែលបញ្ជាក់ពីការគិតគូររបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាយថ្លៃព្យាបាល នៅពេលមកទទួល និងប្រើប្រាស់សេវាពិនិត្យសុខភាព ជាពិសេសប្រជាជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ បានទាន់ពេលវេលា។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល បាន មានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រី សុខាភិបាលខេត្តប៉ៃលិន ទាំងអស់ ដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាព ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ ការពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយរថយន្តដែលទើបទទួលបានថ្មីនេះ ត្រូវជួយថែរក្សា ឱ្យបានល្អដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង សម្រាប់បម្រើសេវាដឹកជញ្ជូន អ្នកជំងឺពីមូលដ្ឋាន មកកាន់មន្ទីរពេទ្យ ធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា។

      បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្ននៅខេត្តប៉ៃលិន មានរថយន្តសង្គ្រោះរបស់រដ្ឋចំនួន ០៥គ្រឿង ក្នុងនោះនៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ០៤គ្រឿង និងមណ្ឌលសុខភាពភ្នំព្រាល ០១គ្រឿង សរុបទាំងរថយន្តដែលទើបទទួលបានថ្មីនេះ គឺមានចំនួន ០៦គ្រឿង៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ