ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី១ នៅវត្តអារញ្ញការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំង
September 01, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី១ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ ក្នុងក្រុងកំពង់ឆ្នាំងគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តអារញ្ញការាមស្ថិតក្នុងភូមិ ស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

      ក្នុងពិធីកាន់បិណ្ឌវេនទី១នេះដែរឯកឧត្តម ឈួរ ច័ន្ទឌឿន និងលោកជំទាវ ព្រមទាំងមន្រ្តីរាជ និងប្រជាពលរដ្ឋ បាននាំយកនូវទេយ្យវត្ថុមួយចំនួន និង បច្ច័យ ចំនួន៣.១៤០.០០០រៀល ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអារញ្ញការាម ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យមួយចំនួន និងសំរាប់វត្ត មានភេសជ្ជៈនិងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត និងបានជូនថវិកាលោកយាយជីតាជីផងដែរ។

      បន្ទាប់មកឯកឧត្តម ឈួរ ច័ន្ទឌឿន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋបានបង្សុកូលនិង បានរាប់បាត ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត និងសូមអោយមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខគ្រប់ៗគ្នា។

      ឯកឧត្តមឈួរ ច័ន្ទឌឿនបានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីខ្មែរមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីផ្សេងៗទៀត ដែលប្រជាជនខ្មែរបានប្រារព្ធធ្វើ ហើយជារៀងរាល់ឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌ តែងតែប្រារព្ធធ្វើរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលពិធីបុណ្យនេះគេចាត់ទុកថាជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជន ដែលបានចែកឋានទៅហើយអោយបានទទួលកុសលផលបុណ្យ ព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយផងដែរ។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាតាមការកំណត់របស់គ.ជ.ប និង សូមបងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង។

      សូមបងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿង និង អំពើអបាយផ្សេងៗដែលសង្គមស្អប់ខ្ពើមនិងបង្កើនមុខរកចំណូលប្រចាំថ្ងៃជាពិសេសត្រូវបង្កើនមុខរបរប្រចាំថ្ងៃ កុំធ្វើចំណាកស្រុកប្រថុយប្រថានខុសច្បាប់។

      ជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ត្រូវធានាសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ ជូនប្រជាពលរដ្ឋអោយបានល្អក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ