ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលស្រុក និងឃុំក្នុងស្រុកកងមាស
September 01, 2020 អ្នកទស្សនា :

     

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាស្រុកកងមាស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលស្រុក និងឃុំក្នុងស្រុកកងមាស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត គណៈអភិបាលស្រុក, ក្រុមប្រឹក្សាស្រុក, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីមេឃុំ មន្ត្រីពាក់ព័ន្ធ និងតំណាងអង្គការសង្គមស៊ីវិលផងដែរ។

      ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ការអនុវត្តកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ បានក្លាយទៅជារដ្ឋបាលថ្នាក់មូលដ្ឋាន ដែលមានមុខងារសំខាន់ ក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច នៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការអភិវឌ្ឍន៍របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលបានរៀបចំ និងអនុវត្តនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ការសាងសង់ផ្លូវលំ ស្ពាន អណ្តូងទឹក ប្រឡាយទឹក សាលារៀន និងគម្រោងផ្តល់សេវាផ្សេងៗទៀតពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយ ព័ត៌មានអំពីបញ្ហាសុខភាព និងអនាម័យតាមជនបទ ការផ្សព្វផ្សាយ ចំណេះដឹង អំពីបញ្ហាយេនឌ័រ ការ ទប់ស្កាត់ អំពើហឹង្សាក្នុងគ្រួសារ ដោយប្រើប្រាស់មូលនិធិឃុំ សង្កាត់ និងធនធានពីប្រភពផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានា របស់ប្រជាជននៅតាមមូលដ្ឋាន។ តាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ឃើញថាប្រជាជននៅមូលដ្ឋានមានតម្រូវការ អាទិភាពសម្រាប់ ដោះស្រាយ បញ្ហាមានច្រើនតែទំហំថវិកាមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ-សង្កាត់ សម្រាប់វិនិយោគ គម្រោងនៅមានកម្រិត ទាមទារឲ្យមានការចូលរួមគាំទ្រ ពីមន្ទីរ-អង្គភាពជំនាញ សង្គមស៊ីវិល និងវិស័យឯកជន រួមគ្នាដោះស្រាយ បញ្ហាដែលកើតមាននៅមូលដ្ឋាន។

      ឆ្លៀតក្នុងឱកាសនោះឯកឧត្តម បានណែនាំរដ្ឋបាលស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ និងអ្នកពាក់ព័ន្ធ៖

១-រដ្ឋបាលក្រុង-ស្រុក បន្តពង្រឹងការគ្រប់គ្រង និងការអនុវត្តមុខងារក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុកដែលទើបនឹងធ្វើសមារណកម្ម ឲ្យទទួលបានលទ្ធផលកាន់តែប្រសើរថែមទៀត។

២-គម្រោងសកម្មភាពដែលបានចុះហត្ថលេខា ក្នុងកិច្ចព្រមព្រៀងបណ្តោះអាសន្នគាំទ្រគម្រោងឃុំ-សង្កាត់ទាំងអស់ ក្នុងសិក្ខាសាលានេះ សូមឲ្យមន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ ផ្តល់ការអនុវត្តនៅឆ្នាំ២០២១ ឲ្យបានសម្រេចតាមចំនួនកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលបានគាំទ្រនោះ ដោយធ្វើការសហការជាមួយឃុំ សង្កាត់ឲ្យបានជិតស្និទ្ធ និងល្អប្រសើរ។

៣-មន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ សូមបន្តផ្តល់ការគាំទ្រដល់គម្រោង សកម្មភាពអាទិភាពក្រុង-ស្រុក និងឃុំ-សង្កាត់បន្ថែមទៀត។ សូមប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានផ្សេងៗដែលបាន ពីថ្នាក់ជាតិតាមរយៈក្រសួង ឬ ធនធានពីដែគូនានា អង្គការជាតិ អន្តរជាតិ សប្បុរសជន និងពីប្រភពផ្សេងៗ ដើម្បីគាំទ្រដល់គម្រោងអាទិភាពរបស់ក្រុង-ស្រុក និងឃុំ-សង្កាត់ ទោះបីមិនបានចុះកិច្ចព្រមព្រៀងក្នុងសិក្ខាសាលានេះក៏ដោយ ដើម្បីឲ្យការអនុវត្តគម្រោងរបស់ភ្នាក់ងារអភិវឌ្ឍន៍ បានបញ្ចូលក្នុងផែនការក្រុង-ស្រុក និងឃុំ-សង្កាត់។

៤-រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្រោយពីសិក្ខាសាលានេះ គណៈកម្មាធិការកសាងផែនការ និងថវិកានៅក្នុងថ្នាក់រដ្ឋបាលរបស់ខ្លួន ត្រូវបន្តនីតិវិធីកម្មវិធីវិនិយោគ បីឆ្នាំរំកិលក្រុង-ស្រុក និងកម្មវិធីវិនិយោគរបស់ឃុំ-សង្កាត់ ជំហានបន្តទៀតដើម្បីដាក់ជូនក្រុមប្រឹក្សា អនុម័តឲ្យបានទាន់ពេលវេលាកំណត់។

៥-ឃុំ-សង្កាត់ ត្រូវពិនិត្យមើលលើគម្រោងអាទិភាពរបស់ខ្លួន ដែលមិនមានការគាំទ្រ ក្នុងសិក្ខាសាលាសមាហរណកម្មនេះត្រូត ពិនិត្យមើលលើការប្រើប្រាស់មូលនិធិរបស់ឃុំ-សង្កាត់ ដើម្បីដោះស្រាយបានបញ្ហាអាទិភាពរបស់ប្រជាជន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ