អាជ្ញាធរខេត្តរតនគិរី​ ប្រារព្ធទិវាជាតិបង្ការ​ និងពន្លត់អគ្គិភ័យ​ លើកទី៣
March 14, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ​ ១៣រោច​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវ​នឹងថ្ងៃទី​ ១៤​ មីនា​ ឆ្នាំ២០១៨​ អាជ្ញាធរខេត្តរតនគិរី​ បានរៀបចំប្រារព្ធទិវាជាតិបង្ការ​ និងពន្លត់អគ្គិភ័យ​ លើកទី៣​ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលមហោស្រពសម្តេចតេជោ​ នៃមន្ទីរវប្បធម៌​ និងវិចិត្រសិល្បៈខេត្ត​ ក្រោមអធិបតីភាពឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ ។ លោកឧត្តមសេនីយ៍ទោ​ ងួន​ គឿន​ ស្នងការនគរបាលខេត្ត​ បានឲ្យដឹងថា​ នៅក្នុងឆ្នាំ២០១៧​ ករណីអគ្គីភ័យកើតឡើងចំនួន​ ៣៦​ លើក​ ធៀបជាមួយឆ្នាំ២០១៦​ មានការកើនឡើងចំនួន​ ១៨លើក​ ប៉ុន្តែ​ករណីខាងលើភាគច្រើនបណ្តាលមកពីភ្លើងឆេះព្រៃ​ មិនបណ្តាលឲ្យប៉ះពាល់អាយុជីវិតមនុស្សឡើយ​ និងមានការខូចខាតនូវផ្ទះសម្បែង​ សម្ភារៈ​ ថវិកា​មួយចំនួន​ គិតជាទឹកប្រាក់សរុប​ ប្រមាណ​ ៥០​ ម៉ឺន​ដុល្លារ​ ។ ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ មានប្រសាសន៍លើកឡើងថា​ បច្ចុប្បន្ននៅក្នុងខេត្តមានការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ​ ពិសេសសណ្ឋាគារ​ ផ្ទះសំណាក់​ សំណង់អគាររដ្ឋ​ ឯកជនផ្សេងៗ​ មានកម្ពស់ខ្ពស់​ៗ​ អាស្រ័យដោយជីវភាពប្រជាពលរដ្ឋមានការកើនឡើង​ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​ ។ ទន្ទឹមនឹងការអភិវឌ្ឍនេះ​ តម្រូវការប្រើប្រាស់ចរន្តអគ្គិសនីកាន់តែខ្ពស់ក៏ក្លាយទៅជាបញ្ហាកង្វល់ប្រឈមទៅនឹងហានិភ័យនៃគ្រោះអគ្គិភ័យ​ ដែលទាមទារឲ្យគ្រប់ភាគីត្រូវមានវិធានការបង្ការ​ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវករណីអគ្គិភ័យណាមួយដែលបានកើតឡើង​ ។ ឯកឧត្តម​លើកឡើងបន្តថា​ អង្គភាពជំនាញត្រូវធ្វើការត្រួតពិនិត្យឡើងវិញនូវសហគ្រាស​ សិប្បកម្ម​ ស្ថានីយ៍ប្រេង​ឥន្ទៈ​ និងនៅតាមគេហដ្ឋាន​ តម្រូវឲ្យមានឧបករណ៍សង្គ្រោះបឋមនៅគ្រប់ទីតាំង​ ជាងនេះទៅទៀតមន្ត្រីជំនាញត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវមធ្យោបាយទំនាក់ទំនងសម្រាប់ការអន្តរាគមន៍សង្គ្រោះ​ និងត្រូវបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីជំនាញបន្ថែមទៀត​ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ​ នៃការវិវឌ្ឍនៃសង្គមជាតិ​ ។ ឯកឧត្តម​អភិបាលខេត្ត​ ក៏ស្នើឲ្យបងប្អូនប្រជាពលរដ្ឋ​ ពិសេសអាជីវករនៅទីប្រជុំជន​ សូមចូលរួមសហការជាមួយអាជ្ញាធរ​ រៀបចំសណ្តាប់ធ្នាប់​ របៀបរៀបរយ​ ដោយមានផ្លូវទូលាយសម្រាប់រថយន្តសង្គ្រោះអាចចូលបាន​ ជាពិសេសមិនអាចខ្វះបានឡើយនូវឧបករណ៍បំពង់ពន្លត់អគ្គីភ័យ​ និងវិធីនៃការប្រើប្រាស់​ សម្រាប់សង្គ្រោះបឋមមុខពេលឡានទឹកទៅដល់​ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ