ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ដែលចុះអន្តរាគមន៍ពន្លត់អគ្គីភ័យផ្សាធំបាត់ដំបង និងបានធ្វើការគ្រប់គ្រងសភាពការណ៍ពន្លត់បានទាំងស្រុង
August 31, 2020 អ្នកទស្សនា :

      នៅល្ងាចថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ ដែលកំពុងឆាបឆេះនៅផ្នែកមួយនៃអគារខាងលិច ផ្សារធំបាត់ដំបង(ហៅផ្សារណាត់) ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលខេត្ត ចំនួន ៣រូប កម្លាំងបញ្ជាការដ្ឋានយោធភូមិភាគទី៥ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងតំបន់ប្រតិបត្តិការសឹងរងបាត់ដំបង និងលោកអភិបាល អភិបាលរងក្រុងផងដែរ។

      ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់កងកម្លាំងទាំងបីប្រភេទ ជាពិសេសកងកម្លាំងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានជួយអន្តរាគមន៍ បានទាន់ពេលវេលា ដែលធ្វើឱ្យការខូចខាតមានតិចតូច និងនៅតែបន្តជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ នៅផ្សារណាត់ ក្រុងបាត់ដំបង។

      សូមជម្រាបជូនផងដែរថា ករណីឆាបឆេះផ្សារធំបាត់ដំបង (ហៅផ្សារណាត់) ដែលស្ថិតចំកណ្តាលក្រុងបាត់ដំបង នៅវេលាម៉ោងប្រមាណ ៥ និង ១០ នាទីល្ងាច និងធ្វើការគ្រប់គ្រងសភាពការណ៍ ពន្លត់បានទាំងស្រុង នៅវេលាម៉ោងប្រមាណជាង ៨ យប់ នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ប្រមាណជាង ៣០ ដឹក។ ហើយបណ្តាឱ្យខូចខាតឆេះផ្នែកមួយចំនួននៃអគារផ្សារ(អគារខាងលិច) ដោយសារឆ្លងចរន្តអគ្គិសនី ឬផ្ទុះសេខ្សែភ្លើង។

      គូសបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី៣០ នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកងកម្លាំងទាំងបីរួមមាន កងកម្លាំងប្រតិបតិការសឹងរងខេត្ត កងកម្លាំងកងរាជអាវុធហត្ថខេត្ត កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ត្រូវយាមប្រចាំ ២៤ម៉ោង លើ ២៤ ម៉ោង ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិរបស់អាជីវករ ដែលមិនបានរើសចេញពីក្នុងផ្សារ និងការពារមិនឱ្យមានការលួចគាស់សម្ភារៈ ទិញផ្សេងៗនៅក្នុងតូបនានារបស់អាជីវករ ដើម្បីជៀសវៀងបាត់បង់ដោយប្រការណាមួយ ដោយជនឆ្លៀតឱកាសផងដែរ។

      ក្រោយពីមានឧបហេតុករណីអគ្គិភ័យឆេះផ្សារធំបាត់ដំបងនេះរួចមក រដ្ឋបាលខេត្តបាត់ដំបងនឹងគ្រោងរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកស្អែក ដើម្បីសិក្សាអំពីអ្វីដែលយើងត្រូវបន្តនិរន្តរ៍ភាពដើម្បីកុំឱ្យមានហេតុការណ៍នេះកើតឡើងបន្តទៅទៀត និងមានការចុះពិនិត្យសិក្សាវាយតម្លៃទំហំនៃការខូចខាតបណ្តាលមកពឆេះដោយចរន្តអគ្គិសនី ហើយនឹងពិនិត្យលទ្ធភាពដើម្បីធ្វើការជួសជុលនៅផ្នែកដែរឆេះខូច ដែលបណ្តាលមកពីកម្តៅភ្លើងលើតួផ្សារមួយចំនួន និងសិក្សាវាយតម្លៃអំពីគុណភាពសំណង់ ថាតើអាចប្រើប្រាស់បាន ឬត្រូវជួសជុលឡើងវិញផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ