រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសាលាស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ”
August 28, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ”។

      សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ប្រតិភូក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល លោកអភិបាលរងក្រុងបាវិត ក្រុងស្វាយរៀង លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រីមន្រ្តីនៃមន្ទីរទេសចរណ៍ខេត្ត និងប្រតិបត្តិករទេសចរណ៍ នៅខេត្តស្វាយរៀងផងដែរ។

      ក្នុងឱកាសនោះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានបញ្ជាក់ថា សិក្ខាសាលានៅថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់នេះ និងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជនវិស័យទេសចរណ៍ ឲ្យចូលរួមផ្សព្វផ្សាយបរិស្ថានគ្មានផ្សែងបារីដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិព្រមទាំងប្រជាពលរដ្ឋទូទៅក្នុងការលើកកម្ពស់សុវត្ថិភាពសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់។

      មានប្រសាសន៍ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា សិក្ខាសាលានេះក៏នឹងបង្ហាញ និងណែនាំពីផលប៉ះពាល់នៃការជក់បារីដែលងាយរងគ្រោះក្នុងការទទួលជំងឺឆ្លងកូវីដ១៩ និងផ្ដល់នូវវិធានវាយតម្លៃដល់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ និងជាពិសេសគ្រោងជំរុញទីក្រុងស្វាយរៀង និងក្រុងបាវិតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីក្នុងបំណាច់ឆ្នាំ ២០២១ ខាងមុខនេះ។

      ឯកឧត្ដមបានថ្លែងបន្តថាស្ថិតក្នុងបរិបទនៃការរីករាលដាលចម្លងជំងឺវីរុសរលាកសួតប្រភេទថ្មីកូវីដ១៩ កម្ពុជាក៏ដូចជាតំបន់ និងពិភពលោកទាំងមូលបានរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំងដែលក្នុងនោះវិស័យទេសចរណ៍ ក៏រងផលប៉ះពាល់ខ្លាំងជាងគេ។ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ បច្ចុប្បន្នក្រសួងទេសចរណ៍បានខិតខំប្រឹងប្រែងរៀបចំនូវប្រកាសស្ដីពីវិធានការសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មទាំង ៦ រួមមានវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការស្នាក់នៅ (សណ្ឋាគារ ផ្ទះសំណាក់) វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ភោជនីយដ្ឋាន អាហារដ្ឋាន វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការដឹកជញ្ជូនផ្លូវគោក វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ការដឹកជញ្ជូនផ្លូវទឹក វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សហគមន៍មូលដ្ឋាន។

      សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញខ្លី និងការចូលរួមមតិពីអង្គប្រជុំ និងជាពិសេសការពិភាក្សាជំរុញទីក្រុងស្វាយរៀង និងក្រុងបាវិតឲ្យក្លាយទៅជាទីក្រុងទេសចរណ៍ ដែលគ្មានផ្សែងបារីនៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ ដោយដំណាក់កាលដំបូងរដ្ឋបាលខេត្ត ជំរុញការចាប់ផ្ដើមចេញពីក្រុងស្វាយរៀង នៅតាមភោជីនយដ្ឋាន អាហារដ្ឋាន កន្លែងអាងហែលទឹក ផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងតំបន់ប្រវត្តិសាស្រ្តក្នុងខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ