ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញ អនុម័តផែនការយុទ្ធសាស្ត្រខេត្ត សម្រាប់ការគ្រប់គ្រងថវិកាខេត្ត(ឆ្នាំ២០២០-២០២៣)
August 26, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តសៀមរាបមានបើកកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដើមី្បធ្វើការត្រួតពិនិត្យ ពិភាក្សា និង អនុម័តទៅលើផែនការយុទ្ធសាស្ត្រខេត្ត សម្រាប់ការគ្រប់គ្រង ថវិការដ្ឋបាលខេត្តសៀមរាប (ឆ្នាំ២០២០-២០២៣) ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងឯកឧត្ត លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជានាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយកទីចាត់ការ អង្គភាព ចំណុះសាលាខេត្តចូលរួមផងដែរ។

      បន្ទាប់ពីអង្គប្រជុំបានធ្វើការអនុម័តទៅលើរបៀបវារៈ ដែលបានគ្រោងទុករួចមក ឯកឧត្តម អ៊ឹង ហឿន បានលើកនូវអនុសាសន៍មួយចំនួន ដើមី្បជាប្រទីតសម្រាប់សមាជិកក្រុមប្រឹក្សាខេត្ត ធ្វើការពិនិត្យលើគម្រោងផែនការថវិកា ដែលទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តសៀមរាប បានលើកផែនការយុទ្ធសាស្ត្រ លើគម្រោងចំណូល ចំណាយរបស់ខេត្ត(ឆ្នាំ២០២០. ២០២៣) ក្នុងកិច្ចអភិវឌ្ឍន៍របស់ខេត្តសៀមរាប។

      លោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប បានធ្វើការបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រខេត្ត សម្រាប់ការគ្រប់គ្រងថវិការដ្ឋបាលខេត្តសៀមរាប (ឆ្នាំ២០២០-២០២៣) ព្រមទាំងលើកឡើងពីការគ្រោងចំណូល និង ចំណាយរបស់រដ្ឋបាលខេត្តទៀតផង។ លោកនាយកទីចាត់ការហិរញ្ញវត្ថុ ក៏បានឲ្យដឹងផងដែរថា រដ្ឋបាលខេត្តបានលើកគម្រោងផែនការឆ្នាំមាន០៥គម្រោង តែដោយជួបនូវបញ្ហាវិបត្តិកូវិដ១៩ រដ្ឋបាលខេត្ត យកមួយគម្រោងយកទៅបម្រើលើសេវាសង្គម ក្នុងពេលដែលជួបវិបត្តិកូវិដ១៩នេះ។

      ឯកឧត្តម ទៀ សីហា ក៏បានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ ទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងទាំងបី រួមទាំងប្រជាពលរដ្ឋ បានចូលរួមសហការបានល្អ ក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់នូវជំងឺកូវីដ ១៩ មិនឲ្យមានការរីករាលដាលនៅតាមសហគម ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានជាប្រចាំ។

      ឯកឧត្តមបានបន្តទៀតថា ដោយមានកិច្ចសហការបានល្អ ក្នុងពេលដែលរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ វិយោជិក ឈប់សម្រាក៥ថ្ងៃ ស្របទៅនឹងការរៀបចំនូវព្រឹត្តិការណ៍សម្រាកសៀមរាប ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក៏បានធ្វើការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកកាន់ខេត្តប្រវត្តិសាស្ត្រសៀមរាប មានចំនួនប្រមាណជាង ២១ម៉ឺននាក់ ដែលបង្ហាញឲ្យឃើញការចាប់កម្រើកឡើងវិញក្នុងវិស័យទេសចរ នៅខេត្តសៀមរាប ដែលបានបាត់បង់អស់រយៈពេល៧ខែមកនេះ។ ជាក់ស្តែងក្នុងរយៈពេលឈប់សម្រាក៥ថ្ងៃមកនេះ ភ្ញៀវដែលចូលមកចាយវាយនៅខេត្តសៀមរាប ដែលប្រជាពលរដ្ឋយើងទទួលបានប្រមាណជាង៩លានដុល្លា ហើយនេះក៏ជាភាពជោគជ័យមួយផងដែរ ក្នុងពេលដែលកំពុងជួបវិបត្តិកូវិដនេះ។

      ឯកឧត្តមបានបន្តទៀតថា ពាក់ព័ន្ធថវិកា ទៅលើគម្រោងចំណូល ចំណាយប្រចាំឆ្នាំនេះ ខេត្តគឺត្រូវការថវិកាបន្ថែមទៀត ទៅលើការចំណាយទៅលើគម្រោងផ្សេងៗ ដូចជាពិធីបុណ្យប្រពៃណីជាតិជាដើម។ ពាក់ព័ន្ធទៅការអភិវឌ្ឍន៍ស្ទឹងសៀមរាប ឯកឧត្តមបញ្ជាក់ថា ដោយស្ទឹងសៀមរាបស្ថិតក្នុងការគ្រប់គ្រងរបស់ (អាយស៊ីស៊ី) យើងមិនអាចធ្វើការអភិវឌ្ឍន៍អ្វីបានឡើយ គឺបានត្រឹមធ្វើការថែរក្សា សម្អាតអនាម័យ បរិស្ថានប៉ុណ្ណោះ ព្រោះស្ទឹងសៀមរាបជាបេះដូងរបស់ខេត្តយើង។

      បន្ទាប់ពីអង្គប្រជុំបានធ្វើការអនុម័តទៅលើផែនការយុទ្ធសាស្ត្រខេត្ត សម្រាប់ការគ្រប់គ្រង ថវិការដ្ឋបាលខេត្តសៀមរាប (ឆ្នាំ២០២០.២០២៣)រួចមក ឯកឧត្តម អ៉ឹង ហឿន បានធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំ ព្រមទាំងបានធ្វើការកោតសរសើរ ពីការខិតខំរបស់អាជ្ញាធរខេត្ត ក្នុងរយៈពេលសម្រាក់៥ថ្ងៃមកនេះ បានធ្វើឲ្យខេត្តសៀមរាប ទទួលបានជោគជ័យជូនប្រជាពលរដ្ឋ ក្នុងពេលដែលកំពុងជួបវិបត្តិកូវីដ១៩។ ឯកឧត្តមក៏បានលើកឡើងថា ពេលនេះខេត្តសៀមរាបក៏ពុំមានចំណោទបញ្ហាពីផ្លូវថ្នល់ទៀតឡើយ គឺបានផ្តោតទៅលើបញ្ហា អនាម័យ បរិស្ថាន នៅតាមដងស្ទឹងសៀមរាប និង តាមដងវិថីក្នុងក្រុងទៀតផង៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ