រដ្ឋបាលខេត្តក្រចេះ សហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលសេចក្តីណែនាំស្ដីពី បែបបទនិងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាល ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកនៅខេត្ត
August 26, 2020 អ្នកទស្សនា :

      ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូនបើកសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាលសេចក្តីណែនាំ ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាល ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកនៅខេត្តក្រចេះ រយៈពេល២ថ្ងៃ ក្រោមអធិបតីភាពឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាការដឹកនាំ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត ដែលសិក្ខាកាមអញ្ជើញចូលរួមចំនួន៥ខេត្ត រួមមាន ៖ ខេត្តក្រចេះ កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង និងកំពង់ធំ។

      បន្ទាប់ពីឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត មានប្រសាសន៍ស្វាគមន៍រួចមក ឯកឧត្តម សួនរចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍គូសបញ្ជាក់ថា ៖ នេះគឺជាឱកាសឲ្យមានការពិភាក្សា និងពិគ្រោះយោបល់ក្នុងចំណោមតួអង្គពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីឈានទៅផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព គុណភាពភាព ជាតំណាង គណនេយ្យភាព និងតម្លាភាពស្របតាមការប្ដេជ្ញារបស់រាជរដ្ឋាភិបាល អាណត្តិទី៦នេះបន្តជំរុញការងារកំណែទម្រង់ វិមជ្ឈការនិងវិសហមជ្ឈការដែលជាស្នូលនៃកំណែទម្រង់អភិបាលកិច្ច។

      ទន្ទឹមនឹងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១គ្រោងបញ្ចប់នៅចុងឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានកំពុងរៀបចំកម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០ ) បន្តទៀត ដើម្បីពង្រឹងនិងពង្រីកការអនុវត្តគោលនយោបាយ វិមជ្ឈការនិងវិសហមជ្ឈការ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែប្រសើរឡើង ក្នុងគោលបំណងរួមចំណែកសម្រេចឲ្យបាន គោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០។

      ឯកឧត្តមបន្តថា ៖ កម្មវិធីជាតិនៃគម្រោងនឹងផ្ដោតលើការ ពង្រឹងស្ថាប័នរដ្ឋថ្នាក់ក្រោមជាតិ ឱ្យមានលក្ខណៈកាន់តែឆ្លើយតបកាន់តែរឹងមាំ និងកាន់តែមានសមត្ថភាពថែមទៀត តាមរយៈការកែលម្អរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការជម្រុញនិងការលើកកម្ពស់ការផ្ទេរមុខងារការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស និងការធ្វើវិមជ្ឈការហិរញ្ញវត្ថុឲ្យកាន់តែប្រសើរឡើង។ ហើយប្រធានបទដែលនឹងត្រូវលើកយកមកផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងគណៈកម្មាការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដោយមានកិច្ចសហការពី.គ.ជ.អ.ប និងមន្ត្រីជំនាញនៃក្រុមការងារបច្ចេកទេសអន្តរក្រសួង និងអ្នកពាក់ព័ន្ធមួយចំនួនទៀតដើម្បីផ្ដល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាព គុណភាពការផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន។ ហើយតាមរយៈសិក្ខាសាលានៅពេលនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការធ្វើបទបង្ហាញដោយក្រុមការងារបច្ចេកទេសមុខងារ នៃក្រសួងសាធារណការនិងដឹកជញ្ជូនស្ដីពី ៖ -បែបបទនៃនីតិវិធី នៃការផ្ដល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកនៅរដ្ឋបាលរាជធានីខេត្ត -ការចុះបញ្ជីនាវា -ការវាស់វែង និងការគណនា -ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនទឹក -ការធ្វើនាវាចរណ៍ ប្រកបដោយសុវត្ថិភាពតាមផ្លូវទន្លេ -ការចុះអនុវត្តជាក់ស្ដែង ៖ ការវាស់វែង និងការគណនាចំណុះផ្ទុកនាវា នៅកំពង់ផែផ្សារក្រោម និងការពិភាក្សាសំណួរចម្លើយផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ