អាជ្ញាធរខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ រស់នៅភូមិចំការខ្ពប សង្កាត់សំបួរមាស ក្រុងកំពង់ចាម
August 26, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃអង្គារ ទី​២៥ ខែសីហា ឆ្នាំ២០២០ លោក ជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពងចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពងចាម រួមដំណើរជាមួយលោកនាយកសាខា លោកស្រីប្រធានអនុសាខាក្រុង ក្រុមការងារ និង អ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌ ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ រស់នៅភូមិចំការខ្ពប សង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ ដោយសារឆ្លងចរន្តអគ្គិសនី ដែលបណ្តាលអោយផ្ទះ ទំហំ ៧ម× ៩ម មួយខ្នង ត្រូវអគ្គីឆាបឆេះទាំងស្រុង។

      លោកជំទាវ ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុមិននឹកស្មានដល់នេះ ដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិ ដែលខំសន្សំជាង ២០ឆ្នាំកន្លងមក អស់គ្មានសល់។ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពងចាម ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែបារម្ភ អំពីសុខទុក្ខរបស់បង​ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំងជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។​

      លោកជំទាវ បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់​ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស។ ពេលចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ ភ្លើងចង្ក្រាន ពន្លត់ទៀនធូប ការបិទបើកហ្គាស ត្រូវប្រយ័ត្នប្រយែង ដើម្បីការពារកុំអោយកើតមានមហន្តរាយផ្សេងៗ។ ម៉្យាងទៀតការតភ្ជាប់ចរន្តអគ្គិសនី ក៏ត្រូវរៀបចំ អោយបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ផងដែរ។

      ជាមួយនោះ លោកជំទាវ បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវមានអនាម័យ គេងក្នុងមុង កំចាត់ដង្កូវទឹក បំបាត់ជម្រកមូសខ្លា ជាប្រភពចម្លងជំងឺគ្រុនឈីក និងគ្រុនឈាម ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនជាប្រចាំ រក្សាអោយបាននូវគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល ជៀសអោយផុតពីការឆ្លងនៃជម្ងឺកូវីដ ១៩ ដោយត្រូវអនុវត្តន៍អោយបានខ្ជាប់ខ្ជួនតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល។

      អំណោយមនុស្សធម៌ផ្តល់ជូនរួមមាន៖ អង្ករ ៥០ គក្រ, មីយើង ១កេស, ត្រីខ ១យួរ, ទឹកត្រី ១ យួរ, ទឹកស៊ីអុីវ ១យួរ, ឃីត(មុង ភួយ សារុង ក្រម៉ា )១កញ្ចប់, តង់ ១, សម្ភារផ្ទះបាយ ១សម្រាប់ ព្រមទាំងថវិកាចំនួន ៥០០,០០០រៀល។

      ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពង់ចាម ថវិកាចំនួន ២០ម៉ឺនរៀល, ក្រុមការងារសង្កាត់ ចំនួន ១លាន ១សែនរៀល និងសប្បុរសជន ថវិកាចំនួន ២៤ ម៉ឺនរៀល ថែមទៀត។ ក្រៅពីនេះ លោកជំទាវ បានចងដៃ កូនស្រីម្ចាស់ផ្ទះរងគ្រោះ ដែលនឹងត្រូវចូលរោងការ នាខែវិច្ឆិកាខាងមុខ ចំនួន ១០០ដុល្លារ ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ