រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួល
August 26, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅខេត្តស្វាយរៀង បានចូលរួមជាមួយឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួល ខេត្តស្វាយរៀង ទទួលបន្ទុកតាមឃុំទាំង១០ និងក្រុមលេខាធិការដ្ឋាន។

      អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល ប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារទទួលបន្ទុកឃុំទាំង១០ និងក្រុមការងារលេខាធិការដ្ឋាន សរុបវត្តមានចូលរួមចំនួន ១៨៣នាក់។

      មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការអរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល ដែលបានធ្វើសកម្មភាពយ៉ាងសកម្មចុះជួយឧបត្ថម្ភ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ជាពិសេសនារយៈកាលចុងក្រោយការចុះជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការលំបាក ការចូលរួមផ្សព្វផ្សាយវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការគាំទ្រដល់ដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងពេលកូវីដ-១៩ នៅមូលដ្ឋានស្រុករំដួលឲ្យទទួលបានជោគជ័យល្អប្រសើរ ស្របតាមកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលសកម្មភាពនេះ គឺពិតជាបានបង្ហាញឲ្យឃើញពីឆន្ទៈ និងការប្ដេជ្ញាចិត្តរួមគ្នាយ៉ាងមោះមុត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ក្រោមការចង្អុលបង្ហាញ និងដឹកនាំផ្ទាល់ពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ប្រធានក្រុមការងារ ក្នុងការប្រមូលផ្ដុំនូវកម្លាំងសរុប តម្រង់ឆ្ពោះទៅមូលដ្ឋាន ដើម្បីគាំទ្រ និងជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

      ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បាននាំនាវាកម្ពុជាឆ្ពោះទៅមុខស្ថិតក្រោមដំបូលសុខសន្តិភាព ប្រជាជនមានជីវភាពធូធារប្រសើរជាងមុន ក្នុងនោះរួមទាំងការអភិវឌ្ឍហេដ្ឋាចនាសម្ព័ន្ធមានការចម្រើនលើគ្រប់វិស័យ។

      ជាមួយនេះឯកឧត្តមបន្តថា ក្នុងនាមតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត សូមថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ ជាក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារលេខាធិការដ្ឋាន ចុះមូលដ្ឋានស្រុករំដួលដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងធនធានក្នុងការចុះជួយប្រជាពលរដ្ឋនៅមូលដ្ឋានជាបន្តបន្ទាប់ ព្រមទាំងបានជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ និងក្តាប់ឱ្យបាននូវស្ថានភាព បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវបញ្ហាមិនពេញចិត្ត ដោយត្រូវចាប់ផ្តើមដោះស្រាយបញ្ហាពីតូចទៅ និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋានបានទាន់ពេលវេលា ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដល់គ្រប់មជ្ឈដ្ឋាន ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ