រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងអភិបាលរងនៃគណ:អភិបាលខេត្ត
July 15, 2020 អ្នកទស្សនា :

      នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តក្រចេះបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជាវិញខេត្ត មន្រ្តីរាជការសាលាខេត្ត មេឃុំ ចៅសង្កាត់ ជាច្រើនរូបផងដែរ។

      សូមបញ្ជាក់ថា លោក គង់ គឹមនី អភិបាលស្រុកស្នួល ត្រូវបានតែងតាំងមុខតំណែងថ្មី ជាអភិបាលរងខេត្តក្រចេះ ជំនួសលោក ខណ្ឌ័ ចំណាន ដែលត្រូវផ្លាស់ទៅបំរើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។

      ក្នុងឱកាសនោះឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឲ្យរដ្ឋបាលខេត្ត និងថ្នាក់មូលដ្ឋានត្រូវអនុវត្តតាមថ្នាក់លើដាក់ចុះស្តីអំពីការចុះពិនិត្យស្រង់ស្ថិតិ និងផ្តល់ប័ណ្ណក្រីក្រ ជូនប្រជាពលរដ្ឋឲ្យចំគោលដៅឲ្យបានល្អ ចៀសវាងមានបញ្ហាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកគាត់។

      ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំក្រើនរម្លឹក ឲ្យក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មានការគាំទ្រអភិបាលរងខេត្ត ព្រមទាំងជួយផ្តល់បទពិសោធន៍កន្លងមកដល់ពួកគេ ដែលទើបតែងតាំងថ្មី ត្រូវខិតខំធ្វើការងារដោយមានកិច្ចសហការគ្នាបានល្អប្រសើរ។

      ជាមួយគ្នានេះ ឯកឧត្តម ប៊ុន ហុន ក៏បានផ្តាំផ្ញើដល់លោក គង់ គឹមនី ដែលត្រូវតែងតាំងជាអភិបាលរងខេត្ត នាពេលនេះគឺ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ពិសេសអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាននានាក្នុងខេត្ត ពិសេស អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពដល់ពួកគាត់។

      ឯកឧត្តម ប៊ុន ហុន បានណែនាំដល់អាជ្ញាធរ គ្រប់មូលដ្ឋានត្រូវបន្ត ផ្សព្វផ្សាយ និងទប់ស្កាត់ការពារជំងឺកូវីដ-១៩បន្តទៀត ព្រមទាំងបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ ឱ្យបានជ្រាបច្បាស់ដើម្បីនាំគ្នាគោរពច្បាប់កាត់បន្ថយ អត្រាស្លាប់និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយការផ្តល់ថវិកាជាសាច់ប្រាក់ ដល់ជនក្រីក្រ ដោយសារជំងឺកូវីដ-១៩ កន្លងមកឲ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ