រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានការិយាល័យប្រជាពលរដ្ឋ និងប្រកាសមុខតំណែងមន្រ្តីរាជការ នៃរចនាសម្ព័ន្ធរដ្ឋបាលស្រុកថាឡាបរិវ៉ាត់
August 24, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកថាឡាបរិវ៉ាត់ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានការិយាល័យប្រជាពលរដ្ឋ និងប្រកាសមុខតំណែងមន្រ្តីរាជការ នៃរចនាសម្ព័ន្ធរដ្ឋបាលស្រុកថាឡាបរិវ៉ាត់។ លោក គង់ ផាន់ណា ត្រូវបានតែងតាំងឲ្យចូលកាន់តំណែងប្រធានការិយាល័យប្រជាពលរដ្ឋ និងបានប្រកាសមុខតំណែងមន្រ្តីរាជការចំនួន ១០នាក់ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកថាឡាបរិវ៉ាត់។

      ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ ចំណុះមន្រ្តីសាលាស្រុក ជាច្រើនរូបផងដែរ។

      ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា លោក លោកស្រីដែលបានប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងសម្រាប់តួនាទីថ្មី ត្រូវខិតខំរួមគ្នាដើម្បីបន្តពង្រឹង ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

      ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ត្រីទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានាពាក់ព័ន្ធនិងតួនាទីភាកិច្ចរបស់ខ្លួន និងត្រូវបង្កើនកិច្ចសហការល្អ បំពេញភារកិច្ចដោយឈរលើស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តគោលការណ៍ច្បាស់លាស់ និងភាពម្ចាស់ការ យកចិត្តទុកដាក់ បន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចប្រកបដោយសក្តានុពល និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយត្រូវតម្កល់ប្រយោជន៍រួមរបស់អង្គភាពជាអាទិភាព៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ