អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមជួបសំណេះសំណាល និងចែកសម្ភារ តង់ប្លាស្ទីក កូនត្រីអណ្តែង កូនកង្កែប និងចំណី សម្រាប់អនុវត្តសកម្មភាពវារីវប្បកម្មក្នុងកំឡុងពេលនៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ស្ថិតនៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ
August 15, 2020 អ្នកទស្សនា :

      នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមអមដំណើរឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីសំណេះសំណាល និងចែកសម្ភារ តង់ប្លាស្ទីក កូនត្រីអណ្តែង កូនកង្កែប និងចំណី សម្រាប់អនុវត្តសកម្មភាពវារីវប្បកម្មក្នុងកំឡុងពេលនៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ស្ថិតនៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

      ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម​ លោកជំទាវ​ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាល អភិបាលរងស្រុកស្វាយជ្រំ មេឃុំក្រោលគោ និងអ្នកពាក់ព័ន្ធសរុបវត្តមានប្រមាណ៧០នាក់។

      ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលលោកទាំងពីតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះឯកឧត្តមបានកោតសរសើរដល់ប្រជាកសិករក្នុងឃុំក្រោលគោដែលបានខិតខំពង្រីកខ្លួនក្នុងវិស័យកសិកម្មដូចជា ការចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ចិញ្ចឹមមាន់ និងការងារបន្ទាប់បន្សំផ្សេងៗក្នុងរបរកសិកម្ម ព្រោះថាបច្ចុប្បន្ន ការចិញ្ចឹមក្នុងស្រុកនៅមានកម្រិត និងពុំទាន់អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់នៅឡើយទេ។

      ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់មន្រ្តីជំនាញត្រូវបន្តចុះផ្តល់ការណែនាំ និងផ្សព្វផ្សាយពីរបៀបធ្វើ និងលាយចំណីជូនកសិករ ជាពិសេសរបៀបកែច្នៃម៉ាស៊ីនកិនចំណី ដែលអាចជួយសម្រួលដល់ពលកម្មក្នុងវិស័យចិញ្ចឹមសត្វ ការងារបច្ចេកទេសក៏ដូចជាជួយសម្របសម្រួលយន្តការទីផ្សារដល់កសិករ ដើម្បីធានានិរន្តរ៍ភាពផលិតកម្ម និងតម្លៃទីផ្សារ។

      ជាចុងបញ្ចប់នៃពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានចែកជូនដល់កសិកចិញ្ចឹមកង្កែប និងចិញ្ចឹមត្រីចំនួន៥៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន​កូនត្រី ចំនួន ៧០០ក្បាល កូនកង្កែបចំនួន ៤០០ក្បាល និងចំណីត្រី ចំណីកង្កែប ចំនួន ៤បាវ ថ្នាំវីតាមីន ៣កញ្ចប់ តង់ប្លាស្ទិច និងថវិកា ២ម៉ឺនរៀល​។ ជាមួយនោះក៏បានអញ្ជើញចុះពិនិត្យទីតាំងចញ្ចឹមត្រី និងកង្កែប​ ដោយមានធ្វើការកូនត្រី កូនកង្កែប ហើយបានផ្ដល់គោមេចំនួនមួយក្បាលជូនកសិករឈ្មោះ នាង សេង ផងដែរ។

      បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត ព្រមទាំងប្រតិភូអមដំណើរ បានបន្ដដំណើចុះសំណេះសំណាល​ និង​ពិនិត្យប្រព័ន្ធកសិកម្មចម្រុះបស់កសិករ ឈ្មោះ វ៉ា សាវន់ នៅភូមិឬស្សីជួរខាងជើង ក្នុងនោះឯកឧត្ដមរដ្ឋមន្ត្រីបានផ្ដល់ទូរភ្ញាស់ពងមាន់ ចំនួន ២ និងថវិកា១លានរៀល សម្រាប់សហគមន៍ប្រឡាយកូនភ្លោះវាលខ្នាច និងអ្នកចូលរួម ៤០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ