កំពង់លែង៖ ទី៧ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង និងធ្វើការត្រួតពិនិត្យជាក់ស្តែងដើម្បីស្វែងយល់ និងគាំទ្រសមិទ្ធផល នានាដែលរដ្ឋបាលស្រុកកំពង់លែងសម្រេចបានកន្លងមក។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូអមដំណើរឯកឧត្តមប្រធានក្រុមការងារ ឯកឧត្ដម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងការិយាល័យចំណុះរដ្ឋបាលស្រុក។
លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែងបានរាយការណ៍ពីស្ថានភាពភូមិសាស្រ្ត និងរាល់សកម្មភាព និងសមិទ្ធផលនានាជាច្រើនទាំងផ្នែក រដ្ឋបាល និងផ្នែកសេដ្ឋកិច្ច សង្គមកិច្ចក្នុងស្រុក ដែលបានអនុវត្តបានល្អគួរជាទីមោទនៈ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែង របស់រដ្ឋបាលស្រុក ដែលសម្រេចបាននូវសមិទ្ធផលទាំងនេះគឺស្តែង ចេញពីការបំពេញភារកិច្ចទៅតាមតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ដើម្បីបុព្វហេតុក្នុងការបម្រើសេចក្តីត្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានសំដៅលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរ ប្រកបដោយសុខមាលភាព វិបុលភាព។
ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានធ្វើការណែនាំដល់មន្រ្តីរាជការទាំងអស់ រួមគ្នាការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ អនុវត្តវិធានការការពារឱ្យបានជាប់ជាប្រចាំ ដើម្បីកុំឱ្យខ្លួនយើង គ្រួសារយើង និងសហគមន៍កើតមានជំងឺនេះដាច់ខាត។
ក្រុមការងារបាននាំយកនូវអំណោយ ជូនដល់រដ្ឋបាលស្រុកកំពង់លែង ធ្វើការចាត់ចែងចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ ១៩ នៅតាមមូលដ្ឋាន ក្នុងសហគមន៍ រួមមាន៖ អង្ករចំនួន ២តោន , មី១០កេស ទឹកត្រី ២៥កេស, ទឹកសុីអុីវ២៥កេ ស, ប្រេងឆា ៥កេស, ម៉ាស់៥០ប្រ អប់, អាកុល៩០លីត្រ, សាប៊ូ២០ កេស, និងមួក អាវយឺតមួយចំនួនទៀត៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង