អាជ្ញាធរខេត្តកណ្តាល រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍រដ្ឋបាលជូនដល់ឃុំកំពង់ស្វាយ ក្នងស្រុកកៀនស្វាយ
August 13, 2020 អ្នកទស្សនា :

      ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ស្វាយ ក្នុងស្រុកកៀនស្វាយ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា ប៉ុស្តិ៍រដ្ឋបាលឃុំ គឺមានសារៈសំខាន់ណាស់ ព្រោះជាកន្លែងឈរជើង របស់មន្ត្រីប៉ុស្តិ៍ ក្នុងការបំពេញការងារ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកាន់តែប្រសើរឡើង។

      ឯកឧត្តម បានមានប្រសាសន៍បន្តថា ការបញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលឃុំ នៅពេលនេះគឺជាសមិទ្ធផលថ្មីមួយទៀត របស់រដ្ឋបាលឃុំកំពង់ស្វាយ និងស្រុកកៀនស្វាយ ដូច្នេះក្រោយពីទទួលបានអាគារប៉ុស្តិ៍នគរបានរដ្ឋបាលឃុំថ្មីនេះ មន្ត្រីនគរបាលត្រូវបន្តខិតខំលើកកម្ពស់ ការបំពេញការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ពង្រឹងយន្តការគណៈបញ្ជាការឯកភាពស្រុកឲ្យកាន់តែប្រសិទ្ធភាព ដើម្បីធានាបានថាក្នុងមូលដ្ឋានរបស់ខ្លួន គឺមានសន្តិសុខសណ្ដាប់ធ្នាប់ល្អសម្រាប់ការរស់នៅប្រកបមុខរបររបស់ប្រជាពលរដ្ឋ។

      ឯកឧត្តម បានបន្ថែមថា កិច្ចការនេះមន្ត្រីប៉ុស្តិ៍គ្រប់ថ្នាក់ត្រូវអនុវត្តជាប្រចាំដូចភ្លៀងរលឹមក្នុងមូលដ្ឋានរបស់ខ្លួនត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបាននៅគោលការណ៍ ទាំង៩ ចំណុច នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

      ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការការពារខ្លួនពីការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ ជាបន្តទៀត ដូចត្រូវមានអនាម័យជាប្រចាំ ត្រូវលាងដៃជាមួយសាប៊ូ ជែល ឬអាកុលឲ្យបានញឹកញាប់ ត្រូវពាក់ម៉ាសនៅពេលដែលអ្នកចេញក្រៅ កាត់បន្ថយការជួបជុំ រក្សាគម្លាតពីគ្នា ជាពិសេសត្រូវចូលរួមអនុវត្តតាមវិធាននិងការណែនាំនានា របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដែលបានដាក់ចេញ។

      លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានបញ្ជាក់ថាក្នុងស្រុកកៀនស្វាយមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន ៨ កន្លែង ក្នុងនោះប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដែលសាងសង់តាមស្តង់ដាររបស់ក្រសួងមហាផ្ទៃមានចំនួន ៣ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដែលសាងសង់ដោយមានការជួយឧបត្ថម្ភពីសប្បុរសជនមានចំនួន ២ ឃុំ និងប៉ុស្តិ៍នគរបាលដែលមិនទាន់មានអាគារផ្ទាល់ខ្លួនមានចំនួន ៣ឃុំ ដោយឡែក សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ ឡើងកំពុងបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃនេះ គឺសាងសង់ឡើងដោយមានការជួយឧបត្ថម្ភពីរដ្ឋបាលខេត្ត ដែលនឹងគ្រោងមានអាគា ១ ខ្នង ស្មើនឹង ៤ បន្ទប់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ