អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក
August 12, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយ គណៈប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជា និងលោកជំទាវវេជ្ជបណ្ឌិត លី អៃឡែន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។

      អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំង៣ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ដែលជាសមាជិក សមាជិកា គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត ជាច្រើនរូបទៀត។

      មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះប្រតិភូ ក្រសួងសុខាភិបាលដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចុះមកបំពេញបេសកកម្មនៅខេត្តស្វាយរៀង ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ការទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងជួបប្រទះសព្វថ្ងៃ។

      ឯកឧត្តមបន្តថា សព្វថ្ងៃដោយសារយើងមានថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្ត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកបានដាក់ចេញនូវវិធានការឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងទើបប្រទេសកម្ពុជាយើងមិនទទួលរងឥទ្ធិពលខ្លាំងដោយសារជំងឺកូវីដ-១៩ ក្នុងនោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ ហើយទន្ទឹមនោះអាស្រ័យដោយមានការចូលរួមសហការគ្រប់សមាសភាពពាក់ព័ន្ធនៅក្នុងខេត្តទាំងផ្នែកស៊ីវិល កងកម្លាំង ទាំងផ្នែករដ្ឋ និងឯកជន ផ្នែកពុទ្ធចក្រ និងសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី សម្ភារ និងថវិកា ក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងផ្សព្វផ្សាយអប់រំ បានធ្វើឲ្យសមរភូមិនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងខេត្ត ទទួលបានជោគជ័យល្អប្រសើរ ដែលរហូតមកដល់បច្ចុប្បន្នក្នុងខេត្តមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺកូវីដ-១៩នៅឡើយទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត ក៏មិនមានការធ្វើប្រហែសនោះដែរ គឺនៅបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តទ្វេរដងថែមទៀតនៅគ្រប់យន្តការ និងគ្រប់វិធានការទាំងអស់ដើម្បីទប់ស្កាត់នូវការរីករាលដាលនូវរលកទី២ និងការឆ្លងជាលក្ខណៈសហគមន៍ នៃជំងឺកូវីដ-១៩នេះ។

      ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងនូវការកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀតដែលក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្ទាប់នាពេលកន្លងមក ក្នុងនោះក្នុងនាមក្រសួងសុខាភិបាលក៏សូមអបអរសាទរដែលខេត្តស្វាយរៀងគិតមកត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ពុំទាន់រកឃើញករណីវិជ្ជមានទៅលើប្រជាពលរដ្ឋណាមួយឡើយ។

      លោកជំទាវបន្តថា ក្នុងនាមក្រសួងសុខាភិបាល មានជំនឿយ៉ាងមុតមាំថា រដ្ឋបាលខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅតែបន្តចាត់វិធានការឆ្លើយតប ឱ្យបានទាន់ពេលវេលា ដូចជា ការធ្វើចត្តាឡីស័កអ្នកធ្វើដំណើរមកពីក្រៅប្រទេសចូលខេត្ត ព្រមទាំងអនុវត្តនូវវិធានការបន្ទាន់៥យ៉ាង គឺរុករក និងស្រាវជ្រាវឲ្យបានលឿនបំផុតនៅពេលមានអ្នកសង្ស័យ យកទៅដាក់ឲ្យនៅដាច់ដោយឡែកឲ្យបានឆាប់បំផុត ផ្ដល់ការព្យាបាលភ្លាមនៅពេលតេស្តឃើញវិជ្ជមានកូវីដ-១៩ តាមរកអ្នកដែលធ្លាប់ប៉ះពាល់អ្នកជំងឺភ្លាម និងការពារឲ្យបានលឿនកុំឲ្យមានការឆ្លងជាលក្ខណៈសហគមន៍ ជាពិសេសបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត និងបន្តជំរុញការផ្សព្វផ្សាយដល់ពលរដ្ឋ ឲ្យរក្សាបាននូវវិធានអនាម័យដោយការលាងដៃនឹង សាប៊ូ អាល់កុល ពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាព ដោយត្រូវសម្របខ្លួនទៅនឹងរបត់ថ្មីនៃបរិបទសង្គមបច្ចុប្បន្ននេះ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ