រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល០២ខែ និងលើកទិសដៅការងារអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត
August 10, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ នៅសាលសន្និសីទសាលាខេត្តកំពត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល២ខែកន្លងមក និងលើកទិសដៅការងារងនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះមូលដ្ឋានថ្នាក់ក្រុង ស្រុក និងសមាជិក សមាជិកាក្រុមការងារសរុបចំនួន ៣០៨នាក់ ស្រី២៤នាក់។

      ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំប្រជុំដោយ គូសបញ្ជាក់ពីសភាពការណ៍ទូទៅរបស់រដ្ឋបាលខេត្តរួមមាន វិស័យសេដ្ឋកិច្ច សង្គមកិច្ច ការផ្តល់សេវាររដ្ឋបាលសាធារណៈ ពិសេសការទប់ស្កាត់និងការបង្ការជំងឺកូវីដ-១៩។ ទាក់ទងទៅនឹងការងារវេទិកាសធារណៈនៅក្នុងរយៈពេល២ខែកន្លងមកក្រុមការងារបានទទួលបានធ្វើវេទិកាសធារណៈ សរុបចំនួន ៣៧លើក លើ ៣៧ឃុំ សង្កាត់ មានការចូលរួមពីក្រុមការងារចំនួន ៣៩០នាក់ ស្រី ៦០នាក់ និងប្រជាពលរដ្ឋចំនួន ២.៥៤៤នាក់ ស្រី ១.៤៥៦នាក់ ដោយប្រមូលបាននូវបញ្ហាសំណូមពរចំនួន ១៤៥ករណី ក្នុងនោះបានដោះស្រាយចំនួន ៨៩ករណី កំពុងដោះស្រាយបានចំនួន ៤៩ករណី និងមិនទាន់ដោះស្រាយបានចំនួន ៧ករណី។

      ក្រោយពីសេចក្តីរាយការណ៍របស់ឯកឧត្តម អភិបាលខេត្តរួចមក ឯកឧត្តម ប្រធានឬតំណាងក្រុមការងារក្រុងស្រុកទាំង ៨ បានធ្វើបទអន្តរាគមន៍ស្ដីពីលទ្ធផលការងារដែលខ្លួនបានអនុវត្តការងាររយៈពេលពីរខែកន្លងមកជូនអង្គប្រជុំបានជ្រាប។

      ឯកឧត្តម កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានកោតសរសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដែលបានខិតខំអនុវត្តការងារកន្លងមកទទួលបានលទ្ធផលល្អប្រសើរ និងបានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមការងារទាំងអស់។

      នៅក្នុងឳកាសនេះដែរ ឯកឧត្តមប្រធានបានមានមតិបូកសរុប និងផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារដូចខាងក្រោម៖

១.នៅក្នុងខែ សីហា នេះរាជរដ្ឋាភិបាលនឹងសងថ្ងៃឈប់សំរាកពេលចូលឆ្នាំប្រពៃណីខ្មែរ កំឡុងពេលនោះប្រជាពរលដ្ឋនឹងមានការធ្វើដំណើរច្រើនចេញពីរាជធានីភ្នំពេញ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ រួមានខេត្តកំពត កែប ព្រះសីហនុ និងសៀមរាប ស្នើសុំឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធចាត់វិធានការទប់ស្កាត់និងបង្កាជំងឹកូវិដ-១៩ឲ្យបានម៉ត់ចត់តាមកែណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ខ្លាចមានការឆ្លងជាលក្ខណៈសហគមន៍។

២.ស្នើសុំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ផ្សព្វផ្សាយ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺគ្រុន ឈីក ដែលកំពុងរាតត្បាតតាមខេត្តមួយចំនួនក្នុងនោះមានខេត្តកំពតផងដែរ។

៣.ក្រុមការងារទាំងអស់បានចុះពិនិត្យនិងគាំទ្រដំណើរការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រកំឡុងពេលជំងឺកូវីដ-១៩ដោយគិតត្រឹមថ្ងៃទី ៣ខែសីហាឆ្នាំ ២០២០ បានចំនួន ៥.១១៣ ក្នុងនោះ ក្រ១ ចំនួន ២.៦៤៣គ្រួសារ ក្រ២ ចំនួន ២.៤៧០គ្រួសារ គិតត្រឹមថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាសរុបចំនួន ៦.៨៩០.១២៨.០០០រៀល។

៤.ពាក់ព័ន្ធនឹងការងារទឹកស្អាតខេត្តកំពត មានប្រភពទឹកដូចជា ទំនប់កំចាយ ទំនប់ប្រទាក់ក្រឡា និងទំនប់ម្លិច ដែលបានផ្គត់ផ្គង់ទឹកស្អាតដល់ក្រុង ស្រុក រួមមានក្រុងកំពត ទឹកឈូ កំពង់ត្រាច ដងទង់ ឈូក។សម្រាប់ផ្គត់ផ្គង់ក្រុងកំពតធានាឲ្យបានគ្រប់គ្រាន់ នឹងមានការសាងសង់រោងចក្រទឹកស្អាតមួយកន្លែងទៀតនៅដី ព្រលានយន្តហោះខេត្តកំពត ចំនួន ៥ហិកតា។

៥.បញ្ហាស្រែអំបិល នៅមានការបំពានលើដីស្រែអំបិល ចាក់ដីលុបសាងសង់ផ្ទះ ស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ ដោយកន្លងមកការផលិតអំបិលរង ការប៉ះពាល់ដោយសារការខ្វះកម្លាំងពលកម្ម។ រាជរដ្ឋាភិបាល ដោយ មានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុកំពុងពិចារណាបញ្ហានេះ។

៦.ស្នើសុំឯកឧត្តមអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំជាមួយលោកអភិបាលក្រុងស្រុក ពិភាក្សាដោះស្រាយនូវបញ្ហាដែលនៅសេសសល់ពីវេទិកាសាធារណៈ និងកំណត់ឲ្យច្បាស់ពីសំណូមពរ និងតម្រូវការនីមួយៗនិងមានភាពជាក់លាក់ ជូនទៅឯកឧត្តមប្រធានដើម្បីធ្វើការដោះស្រាយនៅថ្នាក់ជាតិជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរកលទ្ធភាពដោះស្រាយនូវបញ្ហាទាំងនោះឲ្យមានប្រសិទ្ធភាព។

៧. ឯកឧត្តមស្នើសុំក្រុមលេខាធិការដ្ឋាន រៀបចំបំពេញតារាង Matrix អំពីការធ្វើវេទិកាសាធារណៈតាម បណ្តាមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដោយស្នើសុំឲ្យក្រុមការងារក្រុង ស្រុក បំពេញតារាងនេះឲ្យបានឆាប់រហ័ស ដើម្បីបង្ហាញឲ្យឃើញពីលទ្ធផលនៃការធ្វើវេទិកាកន្លងមក៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ