ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្តកំពត អញ្ជើញចូលរួមចុះជួបសំណេះសំណាលជាមួយប្រជាកសិករ នៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ
August 07, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃសៅរិ៍ ទី០៨ ខែសីហា ឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះជួបសំណេះសំណាល និងចែកសម្ភារៈ តង់ប្លាស្ទិច កូនត្រីអណ្តែង កូនកង្កែប និងចំណី សម្រាប់អនុវត្តសកម្មភាពវារីវប្បកម្ម ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ជូនប្រជាកសិករចំនួន ៥០គ្រួសារ នៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ គណៈប្រតិភូក្រសួង អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាកសិករចូលរួមយ៉ាងច្រើនកុះករ។

      ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់គ្រួសារបងស្រី សែត ធី ដែលជាវារីវប្បករគំរូនៅទូទាំងស្រុកអង្គរជ័យនេះថា៖ បងស្រីបានចាប់ផ្តើមអាជីពចិញ្ចឹមត្រីតាំងពីឆ្នាំ២០០៦ លើផ្ទៃដី ២ហត ដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមពីមន្ទីរកសិកម្ម និងរដ្ឋបាលជលផល បងស្រីបានពង្រីកមុខរបរនេះជាបណ្តើរៗ រហូតមកទល់បច្ចុប្បន្នមានស្រះចិញ្ចឹម ១៥ ស្រះ ស្រះមេពូជ ៣ មានលទ្ធភាពផលិតកូនត្រីគ្រប់ប្រភេទបានចំនួន ១លានកូន និងត្រីសាច់បានជាង ៤តោន/ឆ្នាំ។ អាជីពនេះ គិតជាមធ្យមបានចំណូល ៩០លានរៀល/ឆ្នាំ ដកថ្លៃដើមរួចនៅសល់ជាង ៥០លានរៀល/ឆ្នាំ។ ឯកឧត្តម វេង សាខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋគួរតែចូលរួមចិញ្ចឹមត្រី ក្នុងខណ:ដែលប្រទេសជាតិកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ដើម្បីបង្កើតមុខរបរ និងរកចំណូលមកផ្គត់ផ្គង់គ្រួសារ ជៀសវាងធ្វើចំណាកស្រុក។

      នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី មានចំណាប់អារម្មណ៍យ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់លើសក្តានុពលវិស័យកសិកម្មនៅមូលដ្ឋាន ដោយមានការវិវឌ្ឍន៍រីកចម្រើនគួរជាទីមោទន បើទោះបីស្ថានភាពសេដ្ឋកិច្ចជារួមកំពុងជួបបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ការគាំទ្រពេញទំហឹងចំពោះរាល់សកម្មភាពដែលជួយឧបត្ថម្ភ គាំទ្រ និងជំរុញដល់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងមូលដ្ឋានតាមគ្រប់រូបភាព ធ្វើយ៉ាងណាចូលរួមបង្កើតការងារ បង្កើនប្រាក់ចំណូល ធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងឈានជាជំហានៗទៅធ្វើការនាំចេញនាពេលអនាគត។

      ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូនខេត្តកំពតថា សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ដល់ជីវភាពប្រជាកសិករជានិច្ច ចំពោះវិស័យវារីវប្បកម្មនេះត្រូវបានទទួល ការលើកទឹកចិត្ត និងជួយឧបត្ថម្ភថវិកាដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោចំនួន ២០០០លានរៀល ក្នុងឆន្ទ:ចូលរួមបង្កើតការងារ ពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែបជាលក្ខណ:គ្រួសារដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ។

      ភ្ជាប់ទៅនឹងជំនួយឧបត្ថម្ភនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោដែលបានគិតគូរ យកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ល្អៗដែលជាត្រីវិស័យសម្រាប់ថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្ត យកទៅអនុវត្តឲ្យទាន់សភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាពង្រឹង និងពង្រីកវិស័យផលិតកម្មស្បៀង ធានាដល់ការផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងទីផ្សារក្នុងតំបន់។

      ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញចែកសម្ភារៈជូនប្រជាកសិករ ក្នុង១គ្រួសារ ទទួលបាន៖ ចំណីត្រី ៤បាវ ថ្នាំវីតាមីន ៣កញ្ចប់ កូនត្រីអណ្តែង ៧០០ក្បាល តង់បាស្ទិចចំនួន១ និងថវិកា ២ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ