រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្ពោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកមុខកំពូល
August 07, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២០នេះ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្ពោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកមុខកំពូល។

      ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីធ្វើការបូកសរុបលទ្ធផលការអនុវត្តការងារ និងពង្រឹងយន្តការប្រយុទ្ធប្រឆាំងជំងឹកូវីដ-១៩ របស់រដ្ឋបាលស្រុកមុខកំពូល ដោយផ្អែកតាមរបាយការណ៍លទ្ធផលការអនុវត្តការងាររបស់រដ្ឋបាលឯកភាពស្រុក។

      ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តន៍នូវតួនាទី ភារកិច្ច ខិតខំបំពេញការងារកន្លងមក រហូតសម្រេចបានសមិទ្ធផលធំៗ ជាច្រើននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងស្នើបន្តការខិតខំបន្ថែមទៀត ដើម្បីអភិវឌ្ឍនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ លើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ។

      ពាក់ព័ន្ធនិងការសម្ពោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតយន្តការច្រកចេញ ចូលតែមួយនេះឡើង គឺដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ធ្វើឲ្យប្រសើរឡើងក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ កែទម្រង់ប្រព័ន្ធរដ្ឋបាល និងពង្រីកវិសាលភាពសេវាកម្មឲ្យដល់មូលដ្ឋានជិតនិងប្រជាពលរដ្ឋ តាមបណ្ដាខេត្ដក្រុងស្រុកនានា

      ឯកឧត្តមបន្តថា ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុក មានតួនាទី ភារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលលើគ្រប់វិស័យរួមមានសេវារដ្ឋបាល ដែលកំពុងផ្តល់ដោយរដ្ឋបាលស្រុក និងសេវារដ្ឋបាលដែលកំពុងផ្តល់ដោយមន្ទីរ អង្គភាពជំនាញនានា នៅកន្លែងតែមួយ។

      ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជម្រុញដល់មន្ត្រីស្រុកមុខកំពូលទាំងអស់ត្រូវ ខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ឆាប់រហ័ស និងតម្លាភាពត្រូវខិតខំបង្កើនសមត្ថភាពការងារខ្លួនជានិច្ច ពិសេសត្រូវត្រូវប្រកាន់ខ្ជាប់នូវអភិក្រមកំណែទម្រង់របស់ សម្តេច អគ្គសេនសបតី តេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែរ ព្យាបាល និងវះកាត់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ