អាជ្ញាធរខេត្តសៀមរាប ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ជូនគ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងស្ត្រីមេម៉ាយក្រីក្រ ក្នុងស្រុកអង្គរជុំ
August 06, 2020 អ្នកទស្សនា :

      នាថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តចារឈូក ស្រុកអង្គរជុំ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនក្រុមគ្រួសារក្រីក្រដោយផ្តោតចំពោះចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ចំនួន ៦០គ្រួសារ មកពី០៦ឃុំក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប។

      នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

      ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង ជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ។ លោកជំទាវក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លីប៉ុណ្ណោះ។

      ទន្ទឹមនេះដែរលោកជំទាវ ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និង ត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគម សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និង អនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ ម៉្យាងទៀតក៏ត្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺឆ្លងថ្មី គឺជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ ទោះជាកុមារតូចៗ ឬមនុស្សគ្រប់ពេញវ័យ ត្រូវការពារកុំឲ្យមានកើតជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក ដោយត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា ស្លៀកពាក់ខោអាវវែងៗ និងត្រូវសម្រានក្នុងមុង ទោះយប់ ឬថ្ងៃក៏ដោយ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត២ និងថវិកា៤ម៉ឺនរៀល។

      ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវ និងប្រតិភូ រួមទាំងអាជ្ញាធរមូលដ្ឋាន ក៏បានអញ្ជើញធ្វើការដាក់ អាបែត ក្នុងពាំងទឹក តាមលំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងភូមិដូនស្វា ឃុំចាឈូក ស្រុកអង្គរជុំ ដើមី្បរួមគ្នាបំបាត់ជម្រកប្រភពមូសខ្លា ការពារជំងឺគ្រុនឈាម និងគ្រុនឈីក សំខាន់មូសខ្លាញីដែលជាប្រភពចម្លងជំងឺទាំង២នេះ មកយាយីដល់សុខភាពយើងគ្រប់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ