អង្គសិក្ខាសាលាជាន់ខ្ពស់អាស៊ីបូព៌ាលើកទី៩ ស្តីពីនិរន្តរភាពទីក្រុង និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាប
March 08, 2018 អ្នកទស្សនា :

នៅសណ្ឋាគារអប្សរាផាឡេស រីសត ខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០១៨នេះ មានបើកអង្គសិក្ខាសាលាជាន់ខ្ពស់អាស៊ីបូព៌ាលើកទី៩ ស្តីពីនិរន្តរភាពទីក្រុង និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាបនេះ ជាលើកទី២ហើយសម្រាប់ខេត្តសៀមរាប ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម យ៉ាស៊ូ តាកាហាស៊ី អនុរដ្ឋមន្រ្តីទទួលបន្ទុកការងារបរិស្ថានពិភពលោក នៃក្រសួងបរិស្ថានជប៉ុន និង ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ខេត្ត ទាំង២៥ រួមទាំងអស់លោក លោកស្រីជាគណៈប្រតិភូមកពីប្រទេសសមាជិកអាស៊ាន និងអាស៊ីបូព៌ា ផងដែរ ដែលមានរយៈពេលពីរថ្ងៃ ។ ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងថា នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំសិក្ខាសាលាជាន់ខ្ពស់លើកទី៩ ស្តីពីនិរន្តរភាពទីក្រុងនេះ ហើយនេះជាលើកទី២ហើយសម្រាប់ខេត្តសៀមរាប ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ។ ដូចដែលឯកឧត្តម លោកជំទាវ លោក លោកស្រីបានជ្រាបហើយថាខេត្តសៀមរាប មានតំបន់បេតិកភណ្ឌពិភពលោក ដែលគ្របដណ្តប់លើផ្ទៃដីមួយម៉ឺនប្រាំបីរយហិចតា និងជាតំបន់ទាក់ទាញភ្ញៀវទេសចរមួយដ៏សំខាន់នៅក្នុងទ្វីបអាស៊ី។ ប្រាសាទនៅក្នុងតំបន់អង្គរនេះ ត្រូវបានកសាងនៅចន្លោះសតវត្សទី៨ និងសតវត្សទី១៤ ក្នុងកំឡុងពេលដែលឥទ្ធិពលវប្បធម៌ និងនយោបាយរបស់ចក្រភពខ្មែរលាតសន្ធឹងលើទឹកដីភាគច្រើន នៃប្រទេសថៃ ឡាវ និងវៀតណាមបច្ចុប្បន្ន។ ប្រាសាទចំនួនជាងមួយរយនៅក្នុងតំបន់អង្គរ ជាភស្តុតាងស្តែងបញ្ជាក់ឱ្យឃើញថាតំបន់អង្គរធ្លាប់ជាមជ្ឈមណ្ឌលរដ្ឋបាល វប្បធម៌ និងសាសនា របស់ចក្រភពខ្មែរ។ ទន្ទឹមនឹងនេះ នៅភាគត្បូងខេត្តសៀមរាប មានបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍។ បន្ទាប់ពីចំណាប់អារម្មណ៍របស់ឯកឧត្តម យ៉ាស៊ូ តាកាហាស៊ី អនុរដ្ឋមន្រ្តីទទួលបន្ទុកការងារបរិស្ថានពិភពលោក នៃក្រសួងបរិស្ថានជប៉ុន រួចមក ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានមានប្រសាសន៏ថា តំបន់អាស៊ីប៉ាស៊ីហ្វិក មានទំហំធំ និងភាពសំបូរបែប ដោយមានប្រជាជនសរុបចំនួន ៤,៣ ពាន់លាននាក់នៅក្នុងឆ្នាំ២០១៣ ស្មើនឹង៦០% នៃចំនួនប្រជាជនពិភពលោកសរុប។ ប្រជាជនប្រមាណ៤៣% នៃតំបន់នេះ បច្ចុប្បន្នកំពុងរស់នៅក្នុងតំបន់ទីក្រុង ហើយបន្តកើនឡើងក្នុងអត្រា ២,៣% ក្នុងមួយឆ្នាំ។ ទីក្រុងអាស៊ីកំពុងជួបប្រទះហានិភ័យបរិស្ថានធំៗចំនួន៣។ ហានិភ័យទី១ គឺភាពក្រីក្រ ទី២ ការអភិវឌ្ឍឧស្សាហកម្ម និងទី៣ វិបុលភាព និងការប្រើប្រាស់របស់ប្រជាជន។ បញ្ហាបរិស្ថានទាំងអស់ដែលពាក់ព័ន្ធនឹងដំណាក់កាលដំបូងៗរបស់ឧស្សាហនីយកម្ម និងកំណើនសេដ្ឋកិច្ច មានដូចជា ការបំពុលខ្យល់ ការបំពុលទឹក និងការបំពុលដី។ ភាពក្រីក្រនៅក្នុងទីក្រុងនៃតំបន់អាស៊ី និងតំបន់ប៉ាស៊ីហ្វិក ធ្វើឱ្យការតាំងទីលំនៅខុសច្បាប់រីកដុះដាល។ ដីនៅក្នុងទីក្រុងកំពុងទទួលរងសម្ពាធ ដោយសារកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជន។ យើងបានដឹងហើយថានិន្នាការបច្ចុប្បន្ននៃការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ឧស្សាហកម្ម និងទីក្រុង គឺពុំមាននិរន្តរភាពទាំងផ្នែកសេដ្ឋកិច្ច និងបរិស្ថានឡើយ។ យើងបានដាក់សម្ពាធដ៏ធ្ងន់ធ្ងរទៅលើបរិស្ថាន ជាហេតុនាំឱ្យមានការព្រួយបារម្ភពីបញ្ហាអាកាសធាតុកាន់តែខ្លាំងឡើង និងនាំឱ្យការផ្តល់សេវានៅក្នុងទីក្រុងកាន់តែមិនអាចទ្រាំទ្របាន។ ដូចនេះ ការបង្កើតនិរន្តរភាពបរិស្ថានទីក្រុង (ESC) ហើយបន្ទាប់មកនិរន្តរភាពទីក្រុង (SC) គឺពិតជារបៀបវារៈអាទិភាពមួយរបស់តំបន់។ ឯកឧត្តម បានបញ្ជាក់ទៀតថា សិក្ខាសាលាលើកទី១ សម្រេចបាននូវបញ្ជីសកម្មភាពសម្រាប់លើកកម្ពស់និរន្តរភាពបរិស្ថានទីក្រុង។ បន្ទាប់មកលេខាធិការដ្ឋានអាស៊ាន ក្រុមការងារអាស៊ានស្តីពីនិរន្តរភាពបរិស្ថានទីក្រុង និងដៃគូសំខាន់ៗ បានពិនិត្យមើលបញ្ជីសកម្មភាពទាំងនេះ ហើយបង្កើតបានជាកម្មវិធីទីក្រុងគំរូអាស៊ាន ESC ក្នុងខែមេសា ឆ្នាំ២០១១។ រហូតមកដល់ពេលនេះ កម្មវិធីទីក្រុងគំរូអាស៊ាន ESC ត្រូវបានអនុវត្តនៅក្នុងទីក្រុងចំនួន៤០ នៃរដ្ឋសមាជិកអាស៊ាន ចាប់ពីឆ្នាំទី១ ដល់ឆ្នាំទី៣ ដោយទទួលបានការគាំទ្រហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុន។ ហេតុដូចនេះ កិច្ចប្រជុំកំពូលរបស់រដ្ឋមន្រ្តីបរិស្ថានអាស៊ីបូព៌ា តាមរយៈសិក្ខាសាលាជាន់ខ្ពស់ ពិតជាសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ នេះគឺជាលទ្ធផលគួរជាទីគាប់ចិត្ត ហើយរាជរដ្ឋាភិបាលកម្ពុជាមានចំណាប់អារម្មណ៍ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការងារនេះ ជាពិសេសក្នុងនាមជាប្រធានក្រុមការងារអាស៊ានស្តីពីនិរន្តរភាពបរិស្ថានទីក្រុង ដោយមានកិច្ចសហការជាមួយរដ្ឋសមាជិកអាស៊ាន និងអាស៊ីបូព៌ា ដើម្បីសម្រេចបានលទ្ធផលជាច្រើនទៀត ។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកពី គោលនយោបាយ និងសកម្មភាព SDGs ប្រែប្រួលពីទីក្រុងមួយទៅទីក្រុងមួយទៀត ហើយការធ្វើមូលដ្ឋាននីយកម្មនៃ SDGs គឺជាសមាសធាតុដ៏សំខាន់ក្នុងការជំរុញនិរន្តរភាពនៅថ្នាក់មូលដ្ឋាន ដោយបានបានផ្តោតជាសំខាន់លើបញ្ហាចំនួន៤ចំណុចផងដែរ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ