កិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
March 07, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានឯកឧត្ដមអភិបាលរងខេត្ត លោកតំណាងប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាធរខេត្ត លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្ដមសេនីយ៍ទោមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រី ស្នងការរង លោកអនុប្រធានសេនាធិការ លោកអនុប្រធានការិយាល័យកណ្តាល លោក លោកស្រី នាយ នាយរងការិយាល័យ លោកមេបញ្ជាការ លោកមេបញ្ជាការរងវរសេនាតូច នគរបាលការពារគោកទាំងពី លោកអធិការ លោកអធិការរងនគរបាលក្រុង ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងកងកម្លាំងសរុប ២៩៧នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដ៏ល្អប្រសើរដែលថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ គ្រប់ផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងសម្រេចបាននៅក្នុងឆ្នាំ២០១៧ បើទោះបីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានបញ្ហាប្រឈមមួយចំនួនលេចឡើងស្មុគស្មាញ ជាពិសេសឧបាយកលទុច្ចរឹតរបស់ពួកប្រឆាំង បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ក៏កងកម្លាំងនគរបាលនៅតែសម្រេចបានក្នុងការធានានូវរបៀបរៀបរយ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមយ៉ាងល្អប្រសើរ ដោយបានសហការបង្ការ ទប់ស្កាត់នូវការប៉ុនប៉ងធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ក្រុមប្រឆាំង បានការពារនូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទស្សនា និងលេងកម្សាន្ត ក្នុងពិធីសង្ក្រាន្តស្វាយរៀង និងពិធីប្រណាំងទូក ធានាបាននូវកិច្ចការពារស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៤ និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ប្រកបដោយជោគជ័យ បានការពារពិធីបុណ្យតូចធំ គណៈប្រតិភូជាតិ អន្តរជាតិ ក៏ដូចជាបណ្តាគោលដៅសំខាន់ៗនានានៅទូទាំងខេត្ត ប្រកបដោយសុវតិ្ថភាពទាំងស្រុង បានការពារសន្តិសុខសុវត្ថិភាព នៅទីតាំងអនុវត្តគម្រោងសម្បទានដីសង្គមកិច្ច និងការសាងសង់ផ្ទះ ចំនួន ២០០ខ្នង នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ធ្វើឲ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅទទួលបានលទ្ធផលជោគជ័យ បានបន្តទំនាក់ទំនងសហការល្អរក្សាបានតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបតិ្តការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង បានធ្វើឲ្យបទល្មើសឧក្រិដ្ឋ បទល្មើសគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឲ្យកត់សម្គាល់ ហើយបើទោះបីជាមានបទល្មើសកើតឡើង កងកម្លាំងរបស់យើងបានធ្វើការបង្ក្រាបយ៉ាងទាន់ពេលវេលា ដែលលទ្ធផលនេះ បានចូលរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គមឲ្យមានស្ថិរភាពល្អប្រសើរ ដែលជាកត្ដាចម្បងបម្រើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសបានបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើកម្លាំងសមត្ថកិច្ច ។

ជាចុងបញ្ចប់ឯកឧត្ដមអភិបាលខេត្តបានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវបង្កើនការសហការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរ និងទទួលបានលទ្ធផលជោគជ័យថែមទៀត ជាពិសេសក្នុងព្រឹត្តិការណ៍ និងកម្មវិធីធំៗនាពេលខាងមុខ ដូចជា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីសង្ក្រាន្តស្វាយរៀង ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ត្រូវយកចិត្តទុកដាក់បង្កើននូវវិធានការបង្ការ និងការចាត់តាំង យាមកាម ការពារសន្តិសុខ សុវត្ថិភាពនៅមូលដ្ឋានឲ្យបានកាន់ខ្លាំងក្លាថែមទៀត ធ្វើយ៉ាងណាឲ្យជនដែលមានបំណងប្រព្រឹត្តបទល្មើស គ្មានឱកាសនឹងប្រព្រឹត្តបទល្មើសបាន ត្រូវបន្តរឹងបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិឃុំមានសុវត្ថិភាព ព្រមទាំងកិច្ចការស្នូល និងកិច្ចការជំនាញផ្សេងៗទៀតឲ្យបានល្អប្រសើរ ។

ដោយឡែកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គម ក្ដាប់ឲ្យបាននូវស្ថិតិប្រជាពលរដ្ឋ ជាពិសេសអ្នកចំណូលស្រុក ព្រមទាំងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងត្រឹមត្រូវតាមច្បាប់ ប្រកាន់នូវស្មារតីទទួលខុសត្រូវចំពោះភារកិច្ច និងប្រកបដោយគុណធម៌ សីលធម៌ និងសុជីវធម៌ក្នុងការបម្រើប្រជាជន ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ