អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ មកពីឃុំចំនួន ០៤ ក្នុងស្រុកបរិបូណ៌ និងស្រុកទឹកផុស
July 29, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាដ៏ខ្ពស់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣២៦គ្រួសារ មកពីភូមិចំនួន១៤ ឃុំចំនួន ០៤ ក្នុងស្រុកបរិបូរណ៌ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

      អញ្ជើញអមដំណើរដោយលោកជំទាវអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខា និងអនុប្រធានសាខា មន្ត្រីសាខា អនុសាខាស្រុក។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសគណៈកម្មាធិកាកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋងាយរងគ្រោះ ដែលបានទទួលអំណោយនាពេលនេះ មានចំនួន ៣២៦គ្រួសារ មកពីភូមិចំនួន ១៤ ឃុំចំនួន ០៤ ក្នុងស្រុកបរិបូរណ៌ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងនោះមកពីឃុំក្តុលសែនជ័យ ស្រុកទឹកផុស មានចំនួន ២០១គ្រួសារ និងមកពីឃុំអញ្ចាញរូង ស្រុកបរិបូណ៌ចំនួន ១២៥គ្រួសារ។

      មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ ជាពិសេសគឺ ជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា។

      ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ ចែកអំណោយ និងពាំនាំនូវសារគន្លឹះស្តីពីបញ្ហាសុខភាព ជុំវិញការទប់ស្កាត់ជំងឺកូវីដ១៩ និងការបង្ការជំងឺឆ្លងនានាដែលអាចកើតមាននៅក្នុងរដូវវស្សានេះ។ លោកជំទាវ បានមានប្រសាសន៍បន្តថាៈ អ្វីដែលកម្ពុជាយើងកំពុងប្រឹងប្រែងធ្វើនេះ គឺទប់ស្កាត់ឱ្យខានតែបានការឆ្លងរាលដាលវីរុសកូវីដ១៩ នៅក្នុងសហគមន៍ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់អនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល ត្រូវបង្កើនការយល់ដឹងអំពីសារសំខាន់ៗ នៃការធ្វើចត្តាឡីស័កចំពោះអ្នកចំណូលស្រុក និងការរក្សាគំលាតសង្គម ការរក្សាអនាម័យ។ល។

      អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះនាពេលនោះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងសាប៊ូចំនួន ០២ដុំ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ