រដ្ឋបាលខេត្តប៉ៃលិន រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មីមន្ទីរពេទ្យបង្អែកខេត្ត
July 28, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ អគារថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មានបណ្តោយ ៨៥,១ ម៉ែត្រ ទទឹង៤៩,២ ម៉ែត្រ កម្ពស់០៣ ជាន់ គិតពីជាន់ផ្ទាល់ដីឡើងទៅ មានទំហំសរុប ៨.៧០០ ម៉ែត្រការ៉េ ដែលចំណាយថវិកាសាងសង់អស់ចំនួន ២,៤៨៦,២០០.៥៥ ដុល្លាអាមេរិក ក្រោមការគាំទ្រ ថវិការពីដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវសាងសង់ក្នុងរយៈពេល ១៦ខែ ដោយគិតចាប់ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។

      ពិធីបញ្ចុះបឋមសិលាសាងសង់នេះ បានធ្វើឡើងស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ នៅតាមមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងក្រុមហ៊ុនសាងសង់ជាច្រើនរូបទៀតផងដែរ។

      ក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងដៃគួរអភិវឌ្ឍន៍បានខិតខំរួមគ្នា ដើម្បីពង្រីកសេវាសុខាភិបាលសាធារណៈឱ្យខិតជិតប្រជាជន ងាយស្រួលក្នុងការទទួលសេវាសុខមាលភាពរបស់ប្រជាពលរដ្ឋ។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ការធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់លើវិស័យសុខាភិបាល គឺមន្ទីរសុខាភិបាលខេត្ត ដែលគ្រប់គ្រងទៅលើមន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ត្រូវ អប់រំមន្រ្តីរបស់ខ្លួនមួយចំនួនតូចដែលមិនយកចិត្តទុកដាក់ ពិនិត្យព្យាលបាលអ្នកជំងឺ ត្រូវកែប្រែឥរិយាបថដោយអនុវត្តន៍តាមជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ជាពិសេសមន្ទីរពេទ្យមួយចំនួនត្រូវតែកាត់បន្ថយការធ្វើឯកសារផ្សេងៗ ឬទាលុយពីអ្នកជម្ងឺ ដោយត្រូវពិនិត្យ និងព្យាបាលអ្នកជំងឺជាមុនសិន (សម្រាប់អ្នកជំងឺដែលត្រូវសង្រ្គោះ) ដូច្នេះការកែប្រែសកម្មភាពអវិជ្ជមានទាំងអស់នេះនឹងធ្វើឱ្យការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋមកលើវិស័យសុខាភិបាលនៅក្នុងខេត្ត និងថ្នាក់ដឹកនាំខេត្ត កាន់តែត្រូវកាត់បន្ថយ ហើយម៉្យាងទៀត បានធ្វើឱ្យខេត្តប៉ៃលិន ជាខេត្តគំរូក្នុងការជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋបានល្អប្រសើរ។

      ជាចុងក្រោយ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍កោតសរសើរចំពោះក្រុមគ្រូពេទ្យជំនាញដែលកន្លងបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាពជូនប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទុបស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។

      បើតាមរបាយការណ៍របស់ លោកអនុបណ្ឌិត ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនថ្មី បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកចំនួន ១, មណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៣ និងនៅស្រុកសាលាក្រៅចំនួន ៣៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ