អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក ដល់សត្វគោ ក្របី របស់ប្រជាពលរដ្ឋនៅក្នុងខេត្ត
July 28, 2020 អ្នកទស្សនា :

      ក្រុមភ្នាក់ងារពេទ្យសត្វ មន្ត្រី អាជ្ញាធរដែនដី និងប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ បាននិងកំពុងរួមគ្នាជំរុញយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារបង្ការជំងឺសារទឹកដល់សត្វ គោ ក្របីនៅ តាមមូលដ្ឋានគោលដៅ ដើម្បីធានាដល់សុខភាពសត្វឱ្យបានល្អប្រសើរនោះ។

      ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនៅក្នុងថ្ងៃយុទ្ធនាការចុះ ចាក់វ៉ាក់សាំងការពារបង្ការជំងឺសារទឹកគោក្របីប្រជាពលរដ្ឋជាង៣០០ក្បាល នៅក្នុងភូមិថ្មី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត កាលព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះថា ការចាក់វ៉ាក់សាំងនេះ បានធ្វើឡើងក្នុងគោលបំណងសំដៅជួយធានាការពារដល់សុខភាព សត្វគោក្របីរបស់ ប្រជាកសិករយើងឱ្យវាឆាប់ធំធាត់ ហើយលក់ដូរបានតម្លៃសមស្រប ដើម្បបង្កើនចំណូល ចិញ្ចឹមជីវភាពគ្រួសារ កាន់តែប្រសើរឡើងថែមទៀត។

      ក្នុងឱកាសនោះដែរឯកឧត្តមអ៊ុរាត្រីបានណែនាំដល់បងប្អូន ប្រជាកសិករ ដែលចិញ្ចឹមសត្វគោក្របីឱ្យនាំយកមកទទួលសេវាចាក់វ៉ាក់សាំងបង្ការជំងឺសារទឹកនេះ ពីមន្ត្រីជំនាញពេទ្យ សត្វដែលកំពុងចុះនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា ចៀសវាងសត្វគោក្របី រងគ្រោះដល់មានជំងឺ ឬងាប់ដែលនាំឱ្យខាតបង់ប្រយោជន៍នោះ។

       លោក ឃូពៅ អភិបាល ស្រុកព្រះនេត្រព្រះ បានប្រាប់ឱ្យដឹងដែរថា សព្វថ្ងៃនេះនៅតាម ភូមិតាម ផ្ទះ ប្រជាពលរដ្ឋនៅឃុំនានានៃស្រុកព្រះនេត្រព្រះមានការផុលផុស ក្នុងការចិញ្ចឹមសត្វពាហនៈ ពិសេសចិញ្ចឹមសត្វ គោសាច់ដើម្បីលក់សម្រាប់បង្កើនចំណូលដល់ជីវភាពគ្រួសារបានធូរធាជាលំដាប់។

      លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងឆ្នាំ២០២០នេះ ស្ថានភាពសុខភាពសត្វ គោ ក្របី នៅខេត្តនេះមានលក្ខណៈល្អប្រសើរ មិនមានផ្ទុះករណីជំងឺសារទឹក អុតក្តាម បូសខ្យល់ ឬជំងឺផ្សេងៗនោះទេ។

      លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បន្តទៀតថា កសិករ ចាត់ទុក ការចិញ្ចឹម សត្វគោក្របីទាំងនេះ ដើម្បីសម្រាប់លក់ដូរធ្វើជំនួញ។ ពោលគឺជារបរសំខាន់សម្រាប់រកចំណូល ចិញ្ចឹមជីវភាពបន្ទាប់ពីធ្វើស្រែចំការ និងរបរផ្សេងទៀតក្នុង និងក្រៅភូមិ។

      លោក ប៉ាង វណ្ណា សេដ្ឋ ក៏បានសំណូមពរកសិករ ឱ្យបន្តយកចិត្តទុកដាក់តាមដាន លើការចិញ្ចឹម និងសុខភាពសត្វមុនគេត្រូវសហការ ជាមួយភ្នាក់ងារពេទ្យសត្វភូមិ ហើយចាំបាច់ត្រូវចាក់វ៉ាក់សាំង បង្ការការពារជាវិធានការការពារមុន ដូច្នេះវាល្អប្រសើរជាង តែបើទុកឱ្យវាឈឺវិញ ការព្យាបាលពិបាកព្រោះដូច ជំងឺសារទឹក អុតក្តាមជាដើម វាបង្កទៅជាស្ថានភាព ធ្ងន់ធ្ងរ លឿនពិសេស ពេលមានភ្លៀងធ្លាក់ជោគជាំនេះ។

      របាយការណ៍មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ប្រចាំឆមាសទី១ ឆ្នាំ២០២០នេះ ឱ្យដឹងថា ការចិញ្ចឹម សត្វគោមានជិត១០ម៉ឺនក្បាល គឺកើនឡើងប្រមាណ១ម៉ឺន ក្បាលបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងមកនេះ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ