រដ្ឋបាលខេត្តសៀមរាប ៖ ពិធីតាំងបង្ហាញផលិតផលបន្លែសុវត្ថិភាពក្នុងខេត្តធ្វើឲ្យកាន់តែមានចំណាប់អារម្មណ៍ខ្លាំងបន្ថែមទៀត ពីសំណាក់បងប្អូនប្រជាពលរដ្ឋ
July 27, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០ ពិធីតាំងបង្ហាញលក់ផលិត​ផលបន្លែ របស់បណ្តា​សហ​គមន៍​ នៅផ្សារសុវត្ថិភាពចុងសប្តាហ៍ ខេត្តសៀមរាប​ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់

      ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈ​អភិបាល​ខេត្តសៀរាប និងមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត លោកឧកញ្ញាបណ្ឌិតប្រធានសភាពាណិជ្ជកម្មខេត្ត គម្រោងអេមស៍​ គម្រោងលាភ គម្រោង ASPIRE លោក​ លោកស្រី​ មន្ទីរអង្គភាពពាក់ព័ន្ធនិងអង្គការដៃគូរនានា។

      ពិធីតាំងបង្ហាញនេះ ក្នុងគោលបំណងដើម្បីជួយជម្រុញទីផ្សារបន្លែសុវត្ថិភាពរបស់សហគមន៍នៅតាមបណ្តាស្រុក​-ក្រុង​ ក្នុងខេត្តសៀមរាបនេះឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត​ និងជំរុញការគាំទ្រផលិតផលបន្លែរបស់កសិករខ្មែរ ឲ្យមានទីផ្សារ និងបង្កើនប្រាក់ចំណូលរបស់សហគមន៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់​ ហើយជាពិសេសមានការពេញចិត្តពីប្រជាពលរដ្ឋក្នុងការប្រើប្រាស់​ និងបរិភោគ ដែលអាចកាត់បន្ថយការនាំចូលបន្លែផងដែរ។

      បច្ចុប្បន្នមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ជាខេត្តតភ្ជាប់នៃមណ្ឌលភូមិភាគពាយព្យ នៃគម្រោងអេមស៍ (AIMS) កំពុងជំរុញការផ្សារភ្ជាប់ក្រុមកសិករទៅនឹងទីផ្សារ ដែលបានអនុវត្តន៍លើផលិតផលមាន់ស្រែ និងបន្លែ ដែលមានសហគមន៍បន្លែសុវត្ថិភាពចូលរួមមកពីស្រុកចំនួន៧ គឺស្រុកជីក្រែង​ ស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង​ ស្រុកពួក និងក្រុងសៀមរាប ដោយបានសហការជាមួយមន្ទីរកសិកម្មខេត្ត សភាពាណិជ្ជកម្ម គម្រោងលាភ គម្រោង ASPIRE និងដៃគូរផ្សេងៗទៀត។

      ជាមួយគ្នានេះ ប្រជា​កសិករ បានលើកឡើងអំពីការដាំបន្លែធម្មជាតិនេះ ដោយគ្រាន់តែប្រើជីធ្វើពីធម្មជាតិ ដែលគេហៅថា ជីកំប៉ុស្តិ៍ធ្វើពីរុក្ខជាតិតូចៗ និងអាចម៌គោ អាចម៏មាន់ ដោយពួកគាត់មិនបានប្រើប្រាស់ជីសារធាតុគីមីឡើយ។ ហើយការលក់បន្លែសុវត្ថិភាពរបស់សគមន៍នេះ បើកលក់បាន២ថ្ងៃក្នុងមួយសប្តាហ៍ គឺយើងលក់នៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ដោយលក់ចាប់ពីម៉ោង ៧:០០នាទី រហូតដល់ម៉ោង ១១:០០នាទីថ្ងៃត្រង់ ក្រៅពីនោះគឺពួកគាត់លក់នៅតាមផ្សារនានាក្នុងខេត្ត​សៀមរាបផងដែរ។

      គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) គឺជាគម្រោងរួមគ្នារវាង រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ដែលហៅថា (IFAD)។ គម្រោងនេះមានរយៈពេលប្រាំមួយឆ្នាំ និងមានប្រសិទ្ធភាពអនុវត្តចាប់ពី ឆ្នាំ២០១៧ ហើយរំពឹងថានឹងបញ្ចប់គម្រោងនៅឆ្នាំ២០២៣។ គម្រោងនេះសហការអនុវត្តដោយ ក្រសួងពាណិជ្ជកម្ម និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងដៃគូអនុវត្តន៍ផ្សេងទៀត។

      ពិធីនេះបានប្រព្រឹត្តទៅនាព្រឹក ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅផ្សារសុវត្ថិភាពចុងសប្តាហ៍ ជិតព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ